(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោខៀវ Chelsea ស្គាល់រសជាតិ ៣ពិន្ទុដំបូងក្នុង Premier League សម្រាប់រដូវកាលថ្មី ២០២៣-២០២៤ ក្រោយពេលបំបាក់គូប្រជែង Luton Town ដោយលទ្ធផល ៣-០ នាយប់មិញនេះ។

នេះក៏ជា ៣ពិន្ទុដំបូងក្នុងដីនៃកីឡដ្ឋាន Stamford Bridge ផងដែរ ក្នុងចំណោម ៣ប្រកួតដូចគ្នាសម្រាប់ជើងទី១ ដ្បិត ២ប្រកួតកន្លងមកបានលេងចាញ់ West Ham United ៣-១ មុនមកស្មើ Liverpool ១-១។

ខ្សែប្រយុទ្ធ Raheem Sterling រកបាន ២គ្រាប់ម្នាក់ឯង នៅមុនពេលមិត្តរួមក្រុម Jackson បន្តរកបានគ្រាប់ទី៣ ដើម្បីធានាជ័យជម្នះ ១០០% នៅរាត្រីថ្ងៃសុក្រ និងក៏ជាជ័យជម្នះនៅ Premier League លើកដំបូងផងដែរស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មី លោក Mauricio Pochettino ទៅលើក្រុម Luton Town ដែលទើបឡើងមកលេងនៅលីគកំពូលអង់គ្លេសរដូវកាលនេះ។

Chelsea ដែលបានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១២ ក្នុងលីគនារដូវកាលមុន បានរំកិលឡើងមកឈរនៅលេខ៨ ជាបណ្តោះអាសន្ន ដោយមាន ៤ពិន្ទុក្នុងដៃ នៅមុនពេល ១៩ក្រុមផ្សេងទៀតត្រៀមប្រកួតលីគរបស់ពួកគេនាចុងសប្តាហ៍នេះ៕