(ភ្នំពេញ)៖ កុមារាឆ្នើម២រូប ដែលពោរពេញដោយទេពកោសល្យសិល្បៈខ្ពស់គឺ កុមារា កូឡា សុវណ្ណដុល្លា និងកុមារា ស៊ាន អភិរូហ៍ ដែលជាសិស្សកំពុងសិក្សាកម្រិតបឋមសិក្សានៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ត្រូវបានជ្រើសរើសជាសិស្សជ័យលាភី ក្នុងចំណោមសិស្សជ័យលាភីតែ១៥រូប ក្នុងព្រឹត្តិការណ៍ប្រកួតគំនូរកុមារគាំទ្រ យុទ្ធនាការ «Beyond the Games» ទូទាំងប្រទេស ក្រោមមូលបទ «បេះដូងលោតក្នុងចង្វាក់តែមួយ» រៀបចំដោយមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា។

ពិធីប្រគល់ពានរង្វាន់កម្មវិធីប្រកួតគំនូរកុមារនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ នៅអគារមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រោមអធីបតីភាព លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

សូមរំលឹកថា ព្រឹត្តិការណ៍ប្រកួតគំនូរកុមារដើម្បីគាំទ្រដល់យុទ្ធនាការ «Beyond the Games» នេះត្រូវបានរៀបចំឡើងតាំងពីអំឡុងដើមឆ្នាំ២០២៣មកម្ល៉េះ ដើម្បីចូលរួមអបអរសាទរការប្រកួតស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជ័យលាភីទាំង១៥រូប នៅពេលនេះ ត្រូវបានជ្រើសរើសតាមរយៈដំណើរការវាយតម្លៃយ៉ាងស្វិតស្វាញ និងការបោះឆ្នោតគាំទ្រតាមប្រព័ន្ធអនឡាញផងដែរ។ ជាដំណាក់កាលដំបូង ផ្ទាំងគំនូរចំនួន២៤០ផ្ទាំងត្រូវបាន ជ្រើសរើសចេញពីផ្ទាំងគំនូរដែលទទួលបានពីកុមារប្រមាណ ១០,០០០នាក់ ដែលកំពុងសិក្សាក្នុងកម្រិតបឋម សិក្សារដ្ឋ និងឯកជននៅទូទាំងកម្ពុជា បន្ទាប់មកមានតែផ្ទាំងគំនូរចំនួន២៤០ផ្ទាំងតែប៉ុណ្ណោះ ត្រូវបានដាក់តាំងពិព័រណ៍ និងផ្សព្វផ្សាយជាសាធារណៈ ដើម្បីឲ្យសាធារណជនបោះឆ្នោតវាយតម្លៃគាំទ្រ។

ជាលទ្ធផល ផ្ទាំងគំនូរ២ផ្ទាំងរបស់កុមារា សុវណ្ណដុល្លា និងកុមារា អភិរូហ៍ ត្រូវបានសាធារណៈជនបោះឆ្នោតពេញ ចិត្តជាប់ជាផ្ទាំងគំនូរ ដែលលេចធ្លោជាងគេសម្រាប់ទទួលបាននូវពានរង្វាន់ជ័យលាភីនាពេលនេះ។

គណៈគ្រប់គ្រងសាលា ពិតជាមានមោទនភាពចំពោះកុមារាទាំង២នាក់នេះ ដែលមានភាពក្លាហាន ហ៊ានបញ្ចេញទេពកោសល្យរបស់ខ្លួន ក្នុងការចូលរួមប្រកួតគំនូរថ្នាក់ជាតិ។ ការខិតខំប្រឹងប្រែង និងការចូលរួមរបស់កុមារទាំងពីរ ក៏ដូចសិស្សានុសិស្សដទៃទៀត បានបង្ហាញយ៉ាងច្បាស់ថា ពួកគេមានគោលដៅសិក្សាជាក់លាក់ ហើយនេះជាកត្តាយ៉ាងចម្បងកំណត់ភាពជោគជ័យរបស់ប្អូនៗ ទៅថ្ងៃអនាគត៕