(បរទេស)៖ អ្នកនាំពាក្យស្ទូឌីយោម្នាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ស្ទូឌីយោភាពយន្ត Warner Bros នឹងពន្យារពេលការចេញផ្សាយរឿងភាគ «Dune» រហូតដល់ខែមីនាឆ្នាំក្រោយ ខណៈដើមឡើយគ្រោងបញ្ចេញនៅខែវិច្ឆិកាឆ្នាំនេះ ដោយសារតែតារារបស់ខ្លួនមិនអាចផ្សព្វផ្សាយភាពយន្តបាន ក្នុងអំឡុងពេលកូដកម្មនៅហូលីវូដមិនទាន់បញ្ចប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

ការផ្លាស់ប្តូរនេះបានធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ភាពយន្តដូចជា AMC Entertainment, Cineplex និង Cinemark ដែលកំពុងតែព្យាយាមស្តារចំណូលឡើងវិញ ពីជំងឺរាតត្បាត Covid-19 ខណៈ «Dune» គឺជាខ្សែភាពយន្តដែលរំពឹងទុកធំបំផុតមួយនៅចុងឆ្នាំ២០២៣នេះ។ រឿងនេះបានចេញវគ្គ១ នៅឆ្នាំ២០២១ ក្នុងអំឡុងពេលជំងឺរាតត្បាត រកចំណូលបាន៤០២លានដុល្លារអាមេរិក នៅទូទាំងពិភពលោក។

តែយ៉ាងណា សម្រាប់វគ្គ២នះ គឺកំពុងតែជាប់គាំងរហូតដល់ពន្យារពេលចាក់បញ្ចាំង ដោយសារតែតារាកំពូលៗបានបដិសេធមិនផ្សព្វផ្សាយគម្រោងនាពេលខាងមុខ ចាប់តាំងពីសហជីពតារាសម្ដែង SAG-Aftra បានចូលរួមជាមួយអ្នកនិពន្ធហូលីវូដ ដើម្បីធ្វើកូដកម្ម និងបានលាឈប់ពីការងារកាលពីថ្ងៃទី១៤ ខែកក្កដា៕