(ភ្នំពេញ)៖ ក្រុមហ៊ុន វីង អ៉ិនធើ ឡូជីស្ទីក ថេកណឡជី ឯ.ក និងអង្គការភីន បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី​ «បង្កើនការប្រើប្រាស់សេវាធនាគារ និងទីផ្សារតាមប្រព័ន្ធឌីជីថល» ដើម្បីជួយសម្រួលដល់អ្នកផលិត និងអ្នកផ្គត់ផ្គង់ក្នុងវិស័យកសិកម្ម តាមរយៈថ្នាលទីផ្សារឌីជីថលរបស់វីង ដែលមានឈ្មោះថា WingAgri ។

ភាពជាដៃគូនេះបានផ្តោតលើការបង្កើនការប្រើប្រាស់សេវាធនាគារ និងទីផ្សារតាមប្រព័ន្ធឌីជីថលដើម្បីជួយសម្រួលដល់អ្នកផលិត និងអ្នកផ្គត់ផ្គង់ក្នុងវិស័យកសិកម្ម តាមរយៈពាណិជ្ជកម្មអនឡាញ ដោយផ្សារភ្ជាប់តាមប្រព័ន្ធឌីជីថលរវាងកសិករជាមួយអ្នកទិញ អ្នកផ្គត់ផ្គង់ផលិតផលកសិកម្ម អ្នកផ្តល់សេវាកម្មបច្ចេកវិទ្យា ពោលគឺជួយសម្រួលដល់ភាគីអ្នកចូលរួមទាំងអស់ អាចទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុ ទីផ្សារ និងបច្ចេកវិទ្យាទំនើបៗ។

លោក Alessandro Cassinerio ប្រធានគម្រោងថាមពលបៃតង និងទីផ្សារប្រកបដោយនិរន្តរភាពនៃអង្គការភីន បានលើកឡើងថា «យើងបានកត់សម្គាល់ឃើញថា ការរីកចម្រើននៃបច្ចេកវិទ្យាពិត ជាបានបង្កលក្ខណៈងាយស្រួលសម្រាប់ការរស់នៅប្រចាំថ្ងៃ ការប្រាស័យទាក់ទង ក៏ដូចជាផ្តល់ភាពងាយស្រួលសម្រាប់ការធ្វើប្រតិបត្តិការនានាយ៉ាងមានប្រសិទ្ធភាព។ អង្គការភីនមានការជឿជាក់យ៉ាងមុតមាំថា នវានុវត្តន៍ និងបច្ចេកវិទ្យាអាចជួយពង្រឹងខ្សែចង្វាក់តម្លៃកសិកម្មនៅក្នុងប្រទេសកម្ពុជា កាន់តែប្រសើរ។ យើងខ្ញុំសូមថ្លែងអំណរគុណ ចំពោះភាពជាដៃគូជាមួយ WingAgri ដោយផ្ដល់ឱកាសដល់សហគមន៍កសិកម្ម ក្រុមហ៊ុន និងកសិករក្នុងស្រុកក្នុងការផ្សព្វផ្សាយ និងលក់ផលិតផលរបស់ពួកគាត់ប្រកបដោយប្រសិទ្ធភាពតាមរយៈថ្នាលទីផ្សារឌីជីថលមួយនេះ»

តាមរយៈទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកកសិកម្ម ឬ WingAgri បានបង្កើតនូវទីផ្សារឌីជីថលដើម្បីផ្តល់នូវភាពងាយស្រួល និងតម្លាភាពជាងមុន ក្នុងការដោះស្រាយបញ្ហាប្រឈម និងអាចបំពេញនូវភាពខ្វះខាតចំពោះរចនាសម្ព័ន្ធចង្វាក់ផ្គត់ផ្គង់កសិកម្មនាពេលបច្ចុប្បន្ន។ ថ្នាលទីផ្សារឌីជីថលនេះ នឹងជួយសម្រួលដល់ការប្រើប្រាស់របស់កសិករទៅដល់អ្នកទិញ និងបង្កើតការទំនាក់ទំនងថ្មីៗរវាងអ្នកចូលរួមតាមរយៈដំណើរការផ្សេងៗនៅក្នុងខ្សែចង្វាក់តម្លៃ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការក្នុងវិស័យកសិកម្ម។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃក្រុមហ៊ុន វីង បានលើកឡើងថា «កិច្ចសហការនេះនឹងផ្តល់លទ្ធភាពទៅដល់កសិករ ក៏ដូចជាខ្សែចង្វាក់តម្លៃកសិកម្មចូលទៅក្នុងទីផ្សារបានកាន់តែធំទូលាយ ដែលអាចជួយដល់កសិករបានយូរអង្វែង។ ថ្នាលឌីជីថលWingAgri នឹងរួមបញ្ចូលគ្នានូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងទីផ្សារសម្រាប់អ្នកចូលរួមក្នុងខ្សែចង្វាក់តម្លៃកសិកម្ម តាមមធ្យោបាយបែបទំនើប ដោយបង្កនូវលក្ខណៈងាយស្រួល និងចាំបាច់នានា ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មឲ្យបានកាន់តែរីកចម្រើនក្នុងយុគសម័យឌីជីថល»

លោក ម៉ានូ រ៉ាចាន់ បានបន្ថែមថា «ភាពជាដៃគូរបស់យើងជាមួយអង្គការភីន គឺជាការវិវឌ្ឍដ៏សំខាន់មួយទៀតសម្រាប់ វីង ដោយផ្តល់ឱកាសដល់យើងខ្ញុំចូលរួមជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីជួយដល់កសិករ ក៏ដូចជាជួយពង្រឹងប្រព័ន្ធអ៉ីកូឡូស៊ី និងខ្សែចង្វាក់តម្លៃឲ្យបានកាន់តែល្អប្រសើរ»

WingAgri នឹងក្លាយជាថ្នាលឌីជីថលដ៏មានសក្តានុពលសម្រាប់សហគមន៍កសិករ និងខ្សែចង្វាក់តម្លៃ ក្នុងការផ្សព្វផ្សាយផលិតផលរបស់ពួកគាត់ ហើយថែមទាំងអាចផ្សារភ្ជាប់ជាមួយអ្នកទិញ ដោយប្រើបច្ចេកវិទ្យាងាយស្រួលប្រើប្រាស់។ បន្ថែមលើនេះ WingAgri ក៏នឹងផ្តល់ឲ្យអ្នកចូលរួមអាចទទួលបានកម្ចី ការផ្សារភ្ជាប់រវាងអ្នកទិញនិងអ្នកលក់ ព្រមទាំងជួយពួកគាត់នូវដំណោះស្រាយ វិភាគបែបទំនើបដើម្បីជាជំនួយស្មារតីសម្រាប់ប្រតិបត្តិការអាជីវកម្មក្នុងវិស័យកសិកម្មឲ្យបានកាន់តែល្អប្រសើរ៕