(ភ្នំពេញ)៖ កាលវិភាគប្រកួតរបស់ក្រុមតំណាងកម្ពុជា ភ្នំពេញក្រោន លេងវគ្គចែគពូល F នៃពានរង្វាន់ AFC Cup 2023 ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នឹងត្រូវធ្វើឡើង ៣ប្រកួត នៅពហុកីឡដ្ឋានជាតិអូឡាំពិក ជាមួយក្រុមមកពីលីគអូស្ត្រាលី, មីយ៉ាន់ម៉ា និងហ្វីលីពីន។

៣ប្រកួតរបស់ក្រុមភ្នំពេញក្រោន ដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី០៥ ខែតុលា ប៉ះជាមួយក្រុម Shan United FC ហើយនៅថ្ងៃទី២៨ ខែដដែលបន្តជួបក្រុម Macarthur FC និងនៅថ្ងៃទី៣០ ខែវិច្ឆិកា ជំនួបចុងក្រោយប៉ះក្រុម Dyanamic Herb Cebu FC ដែលស្ថិតក្នុងពូល F។

សូមរំឮកថា មុនឈានដល់វគ្គចែកពូលនេះ ក្រុមរហស្សនាមសិង្ហក្រហម ភ្នំពេញក្រោន បានឆ្លងកាត់ការប្រកួតជម្រុះ ២ប្រកួតមកហើយ ដោយបានទម្លាក់ក្រុមខ្លាំងៗក្នុងតំបន់ ២ក្រុម រួមមានយកឈ្នះក្រុម Young Elephants FC របស់ឡាវ ដោយលទ្ធផល ៣-០ ក្នុងជំនួបវគ្គជម្រុះបឋម (Preliminary Stage) ហើយបានបន្ដឈានទៅវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ Tampines Rover FC របស់សិង្ហបុរី ដោយលទ្ធផល ៣-២ ក្នុងវគ្គ Play-Off៕