(ភ្នំពេញ)៖ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរពិភពលោក នៅក្នុងទឹកដីអង្គរ នៅចុងឆ្នាំនេះ ដែលព្រឹត្តិការណ៍គុនខ្មែរដ៍ធំជាលើកដំបូង Kun Khmer World Championship 2023 នឹងមានកីឡាករ-កីឡាការិនីរាប់រយនាក់ត្រូវប្រកួត ៣ប្រភេទគុនខ្មែរ គឺមានលក្ខណៈស្ម័គ្រចិត្ត, ពាក់កណ្តាលអាជីព និងអាជីព ដែលនឹងមានខ្សែក្រវាត់ និងពានរង្វាន់សម្រាប់ជយលាភីនីមួយៗ។

នេះជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរ ឲ្យកាន់តែរីកចម្រើន និងមានប្រជាប្រិយភាពកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ។

បើតាមលិខិតអញ្ជើញរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ ទៅកាន់បណ្តាសមាជិកទាំងអស់គឺមានន័យថា នឹងមានបណ្តាប្រទេសចូលរួម ពីព្រោះរហូតដល់ពេលនេះមានសមាជិកច្រើនជិត១០០ប្រទេសទៅហើយ។ ខណៈដែលការប្រកួតគុនខ្មែរពិភពលោកនេះ នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ដោយចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕