(បរទេស)៖ ទីបំផុតក្រុមហ៊ុនផលិតស្មាតហ្វូនចិន Oppo បញ្ជាក់ថ្ងៃប្រកាសចេញស្មាតហ្វូនអេក្រង់បត់ Find N3 Flip ជាផ្លូវការហើយ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Oppo ផ្ទាល់បានឱ្យដឹងថា Find N3 Flip ដែលជាប្រភេទស្មាតហ្វូនអេក្រង់បត់ (Clamshell) នឹងនៅតែរក្សាទម្រង់អក្រង់បញ្ឈរដដែល ប៉ុន្តែនឹងនាំយកកាមេរ៉ាក្រោយចំនួន ៣គ្រាប់មកជាលើកដំបូង ជាមួយនឹងកញ្ជក់ទាំងបីដាក់នៅលើរង្វង់មូលធំ និងមានស្លាកសញ្ញា Hasselblad។

Oppo បានបញ្ជាក់ទៀតថាក្នុងព្រឹត្តិការណ៍ដ៏ធំនៅដើមសប្តាហ៍ក្រោយនេះ ក៏នឹងឃើញ Oppo Watch 4 Pro បង្ហាញខ្លួនជាលើដំបូងផងដែរ។ តែយ៉ាងណាជុំវិញមុខងារលម្អិតផ្សេងៗ Oppo នៅមិនទាន់បង្ហាញនោះទេ។

បើយោងតាមពាក្យចចាមអារ៉ាមកន្លងមក Oppo Find N3 Flip ត្រូវបានគេរំពឹងថានឹង បំពាក់ដោយអេក្រង់ខាងក្នុងទំហំ ៧.៦ អ៊ីញ (internal display) និងអេក្រង់ខាងក្រៅទំហំ ៥.៤ អ៊ីញ(external display) ដែលអេក្រង់ទាំងពីរនេះនឹងមកជាមួយអត្រា refresh rate 120Hz។ មិនត្រឹមតែប៉ុណ្ណោះ Oppo Find N3 Flip ក៏ត្រូវបានគេរំពឹងថានឹងត្រូវបានដំណើរការដោយបន្ទះឈីប Snapdragon 8 Gen 1+ កម្រិតខ្ពស់ផងដែរ៕