(បរទេស)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់អន្តរជាតិ ហៅកាត់ថា FIFA បានចាប់ផ្តើមបើកការស៊ើបអង្កេតមួយទៅលើអាកប្បកិរិយាលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ នៅអំឡុងផ្តាច់ព្រ័ត្រ Women’s World Cup 2023។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា FIFA បានកំពុងពិនិត្យមើលឡើងវិញ ថាតើលោក Rubiales បានល្មើសទៅនឹងវិន័យក្នុងមាត្រា១៣ ឬយ៉ាងណា?

នៅក្នុងសេចក្តីថ្លែងការណ៍របស់ស្ថាប័នមិនគិតប្រាក់កំរ៉ៃខាងលើនេះបានបញ្ជាក់ថា «FIFA ប្តេជ្ញាចិត្តក្នុងការរក្សាសេចក្តីថ្លៃថ្នូរ និងថ្កោលទោសដាច់អហង្ការ ចំពោះបុគ្គលទាំងឡាយណាដែលធ្វើផ្ទុយពីនេះ រួមទាំងមន្រ្តីសហព័ន្ធផងដែរ ក្នុងការរក្សាបានភាពយុត្តិធម៌ សេចក្តីថ្លៃថ្នូ និងសុចចរិតភាពថែមទៀត»

សូមរំលឹកផងថា លោក Luis Rubiales បានអបអរសាទរចំពោះក្រុមស្រ្តីអេស្ប៉ាញដណ្តើមបានជើងឯក Women’s World Cup 2023 ជាលើកដំបូងរបស់ពួកគេ ក្រោយពេលកញ្ចែបន្លឺឡើងបញ្ចប់ការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន នៅពេលយកឈ្នះគូប្រជែងស្រ្តីអង់គ្លេស ១ទល់នឹង០ សម្រាប់វគ្គផ្តាច់ព្រ័ត្រនាកីឡដ្ឋាន Stadium Australia នៅប្រទេសអូស្រ្តាលី ដោយគ្រានោះដែរ គាត់ក៏បានថើបមាត់កីឡាការិនី Hermoso ជាទីដែលលោកឈរនៅក្បែរម្ចាស់ស្រ្តី Letizia របស់អេស្ប៉ាញ និងកូនស្រីរបស់នាងដែលមានវ័យ ១៦ឆ្នាំផងដែរ។

ភ្លាមៗនោះដែរ ក្រោយរំលងបាន ១ថ្ងៃ ពោលគឺនៅថ្ងៃចន្ទ លោក Rubiales ក៏បានចេញមុខសុំទោសជាសាធារណៈ ចំពោះទង្វើនេះ ក៏ប៉ុន្តែលោក Pedro Sanchez នាយករដ្ឋមន្រ្តីអេស្ប៉ាញបាននិយាយថា «មិនទាន់គ្រប់គ្រាន់នោះទេ» ស្របពេលដែលឩបនាយករដ្ឋមន្រ្តី លោក Yolanda Diaz ស្នើឲ្យលោក Rubiales លាឈប់ពីតំណែង RFEF ថែមទៀត៕