(បរទេស)៖ ផលិតកម្ម YG បានឲ្យដឹងនៅថ្ងៃសុក្រ សប្តាហ៍នេះថា វីដេអូក្បាច់រាំបទ «Pink Venom» ដែលជាបទចម្រៀងល្បី ប្រចាំឆ្នាំ២០២២ របស់ក្រុមចម្រៀងស្រី K-pop BLACKPINK បានកើនឡើងចំនួនអ្នកចូលទស្សនារហូត ដល់២០០ លានដង នៅលើ YouTube។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Korea Times នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

YG Entertainment បាននិយាយថា វីដេអូនេះបានឈានដល់ចំនួនដ៏ច្រើនបែបនេះ កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយក្លាយជាវីដេអូក្បាច់រាំទី១១ របស់ក្រុមនេះ ដែលមានអ្នកចូលមើលជាង២០០លានដង។ បទចម្រៀងនេះបានឈានដល់លេខរៀងទី២២ ទាំងនៅលើតារាងបទចម្រៀងសំខាន់ Billboard Hot 100 របស់អាមេរិក និងតារាងបទចម្រៀងផ្លូវការរបស់ចក្រភពអង់គ្លេស Top 100។

គួរជម្រាបថា BLACKPINK នឹងរៀបចំការប្រគំតន្ត្រីចំនួនពីរនៅ Gocheok Sky Dome ទីក្រុងសេអ៊ូលចាប់ពីថ្ងៃទី១៦-១៧ ខែកញ្ញា ដើម្បីបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក «Born Pink» របស់ខ្លួន៕