(រីយ៉ាដ)៖ ខ្សែការពារសញ្ជាតិអេស្ប៉ាញ Aymeric Laporte បានសម្រេចចាកចេញពីក្លិប Manchester City ដើម្បីចូលរួមជាមួយក្លិប Al Nassr ដែលលេងនៅលីគអារ៉ាប៊ីសាអូឌីត Saudi Pro League លើកិច្ចព្រមព្រៀងតម្លៃ ២៧.៥លានអឺរ៉ូ (២៣.៦លានផោន) នៃកិច្ចសន្យាដល់ឆ្នាំ២០២៦។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

រំលឹកផងថា កីឡាករវ័យ ២៩ឆ្នាំរូបនេះ បានចូលរួមជាមួយ Man City ដោយផ្ទេរមកពីក្លិប Athletic Bilbao កាលពីខែមករា ឆ្នាំ២០១៨ ជាមួយនឹងតម្លៃកំណត់ត្រារបស់ក្លិប ៥៧លានផោន ខណៈកន្លងមកនេះរូបគេបានជួយឲ្យ Man City ឈ្នះពានរង្វាន់ធំៗ ចំនួន ១២លើក ប៉ុន្តែបានបង្ហាញខ្លួនត្រឹមតែ ២៤លើកប៉ុណ្ណោះសម្រាប់ក្លិបក្នុងរដូវកាលឈ្នះពានរង្វាន់ចំនួន៣ កាលពីរដូវកាលមុន។

សូមជម្រាបផងថា ខ្សែការពារ Aymeric Laporte បានបង្ហាញខ្លួន ១៨០លើកក្នុងរយៈពេល ៧រដូវកាលសម្រាប់ក្លិបមេឃខៀវ ដោយរកគ្រាប់បាល់បាន ១២គ្រាប់ផងដែរ៕