(ក្រុងឡុងដ៍)៖ តោខៀវ Chelsea បានចុះកិច្ចព្រមព្រៀងជាមួយក្លិប Santos របស់ប្រេស៊ីល ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធ Deivid Washington មកលេងនៅអង់គ្លេស ក្នុងតម្លៃខ្លួន ១៧.២លានផោន។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា Washington បានក្លាយជាសមាជិកថ្មីទី៩ នារដូវក្តៅនេះដែលផ្លាស់មកលេងនៅកីឡដ្ឋាន Stamford Bridge ក្រោមការដឹកនាំផ្ទាល់របស់លោក Mauricio Pochettino។

ប្រភពខាងលើដដែលបានបញ្ជាក់ដែរថា ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Washington ទើបតែបានបង្ហាញខ្លួនក្នុងឈុតធំ Santos ដែលលេងនៅ Serie A របស់ប្រេស៊ីលចាប់តាំងពីខែមេសា ឆ្នាំនេះទេ មុនពេលផ្លាស់ចេញពីទឹកដីកំណើតមកចុះសន្យាថ្មីលេងឲ្យ Chelsea រយៈពេល ៧ឆ្នាំ។

ក្រោយពីចុះកិច្ចសន្យារួចរាល់ Washington បានថ្លែងប្រាប់គេហទំព័រក្លិបថា «ខ្ញុំមានក្តីរំភើបខ្លាំងណាស់ ដែលបានមកចូលរួមជាមួយក្លិបធំ ដូចជា Chelsea នេះ។ លើសពីនេះទៀត ខ្ញុំក៏អន្ទះសារក្នុងការបង្ហាញក្នុងក្លិបនេះដូចគ្នា»។

Washington បានចាប់អាជីពបាល់ទាត់ជាមួយក្លិបក្នុងស្រុកដូចគ្នាគឹ Gremio មុនពេលផ្លាស់ចេញមកលេងឲ្យ Santos ក្នុងឆ្នាំ២០១៦ កន្លងទៅ។ យ៉ាងនេះក្តី រូបគេក៏បានក្លាយជាកីឡាករទី២ ផងដែរដែលត្រូវបានផ្ទេរចេញពី Santos មកចូលរួមជាមួយ Chelsea ក្រោយការមកដល់របស់ខ្សែបម្រើស្លាប Angelo កាលពីខែមុន ដែលមានវ័យ ១៨ឆ្នាំដូចគ្នា៕