(ឡុងដ៏)៖ ក្លិបមេឃខៀវ Manchester City បានសម្រេចក្នុងការផ្ទេរយកីឡាករប្រយុទ្ធជួរមុខ Jeremy Doku ផ្ទេរពីក្លិប Rennes ដែលបានចំណាយទឹកប្រាក់តម្លៃ ៦៩លានដុល្លារ ចំពោះខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិក។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

ម្ចាស់ពានរង្វាន់៣ នារដូវកាលមុនក្លិប Man City ជាមួយការផ្ទេរយកនេះក៏បានព្រមព្រៀងលើកកិច្ចសន្យារយៈពេល ៥ឆ្នាំ ជាមួយសមាជិកចំណូលថ្មី Jeremy Doku ដែលមានវ័យ ២១ឆ្នាំ បានបង្ហាញខ្លួន ៧៥លើកក្នុងលីគ Ligue 1 រកបាន ១០គ្រាប់ក្នុងចំណោម ៣រដូវកាល។

ជាមួយក្រុមជម្រើសជាតិរូបគេក៏លេងបាន ១៦ប្រកួត ខណៈ Jeremy Doku ត្រូវបាន Man City ផ្តល់ឲ្យពាក់អាវលេខ១១ ប្រចាំក្រុម នាមជាសមាជិកទី៣ របស់ក្លិបស្ថិតក្រោមដឹកនាំដោយលោក Pep Guardiola នាទីផ្សាររដូវក្តៅនេះ បន្ទាប់ពីបាននាំយកខ្សែបម្រើ Mateo Kovacic តម្លៃ ២៥លានផោន និងខ្សែការពារ Josko Gvardiol តម្លៃ ៧៧លានផោន៕