(បរទេស)៖ កន្លងមកធ្លាប់ពាក្យចចាមអារ៉ាមជាច្រើនពីក្រុមហ៊ុន Samsung សម្រាប់សា្មតហ្វូនម៉ូដែលថ្មី Galaxy S24 Ultra ដែលត្រូវបានគេរំពឹងទុកថា នឹងមានការអាប់ដេតលើមុខងារកាមេរ៉ា រូបរាងកាមេរ៉ា ការផ្លាស់ប្តូរទៅលើតួរស្មាតហ្វូន និងកម្រិតបញ្ចូលថ្មលឿនជាដើម។ ដោយឡែករបាយការណ៍ចេញផ្សាយចុងក្រោយនេះហាក់ធ្វើឱ្យអ្នកប្រើប្រាស់ភ្ញាក់ផ្អើលដោយ Samsung នឹងប្តូរទៅប្រើអក្រង់រាបស្មើ ជំនួសឱ្យអេក្រង់កោងបច្ចុប្បន្នវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

Samsung គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដំបូងគេដែលបានណែនាំនូវស្មាតហ្វូនដែលមានអេក្រង់កោងក្នុងអំឡុងឆ្នាំ២០១៤ ចាប់តាំងពីម៉ូដែល Galaxy Note Edge មកម្លេះ។ ប្រភទអេក្រង់កោងនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់រហូតដល់ជំនាន់ Galaxy S8 និង Galaxy S9 ទើបក្រុមហ៊ុន Samsung បានប្តូរទៅប្រើជាប្រភេទកញ្ចក់កោងទាំងមូលតែម្តងរហូតដល់បច្ចុប្បន្ននេះ។ ចាប់តាំងពីការផ្លាស់ប្តូរនោះមក Samsung បានកំណត់តម្លៃប្រភេទស្មាតហ្វូនអេក្រង់កោងរបស់ខ្លួនទៅជាស្មាតហ្វូនដែលមានតម្លៃថ្លៃ ចំណែកឯអេក្រង់រាបស្មើទៅជាស្មាតហ្វូនដែលមានតម្លៃទាប ឬមធ្យម។

យោងតាមរបាយការណ៍ចេញផ្សាយពី Ice Universe បានអះអាងថា Galaxy S24 Ultra នឹងមានទទឹង 79mm ដែលវាមានទំហំធំជាងមុន នឹងអាចពន្លាតទៅជាប្រភេទអក្រង់រាបស្មើ ខណៈដែល Galaxy S23 មានទទឹងតែ 78.1mm ប៉ុណ្ណោះដោយសារតែគែមរបស់វាកោង។

មានហេតុផលមួយចំនួនដែល Samsung អាចនឹងធ្វើការផ្លាស់ប្តូរទៅប្រើអេក្រង់រាបស្មើ ក្នុងនោះប្រភពដដែលបានលើកឡើងថាលទ្ធភាពទី១ អាចមកពីចំណង់ចំណូលចិត្តអ្នកប្រើប្រាស់ ដោយអ្នកប្រើប្រាស់ភាគច្រើនចូលចិត្តអេក្រង់រាបស្មើ ច្រើនជាងអេក្រង់កោង។ លទ្ធភាពទី២ គឺថា Samsung កំពុងព្យាយាមធ្វើឱ្យ Galaxy S24 Ultra កាន់តែប្រើប្រាស់បានយូរជាងមុន ក៏ព្រោះតែអេក្រង់កោង គឺងាយនឹងរងការខូចខាតពីការធ្លាក់ និងកោស ដូច្នេះអេក្រង់រាបស្មើអាចធ្វើឱ្យស្មាតហ្វូនកាន់តែធន់នឹងការខូចខាត។

គួរជម្រាបដែរថា ទាំងនេះគ្រាន់តែជាពាក្យចចាមអារ៉ាមពីក្រុមហ៊ុនវិភាគស្មាតហ្វូនប៉ុណ្ណោះ ខណៈការផ្លាស់ប្តូរពិតប្រាកដក្រុមហ៊ុន Samsung នៅមិនទាន់មានការជូនដំណឹងនោះទេ។ ដូខច្នេះមានតែរង់ចាំការចេញផ្សាយជាផ្លូវការដែល Samsung គ្រោងរៀបចំនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ៕