(ភ្នំពេញ)៖ ទីភ្នាក់ងារវាយតម្លៃឥណទានដ៏ធំបំផុតរបស់ពិភពលោក Standard and Poor’s (S&P Global) បានបញ្ជាក់ជាថ្មីនូវកម្រិតឥណទានរបស់ធនាគារ ABA នៅតែបន្តមាន«ស្ថិរភាព» ពោលគឺស្ថិតនៅក្នុងប្រភេទ B+។ នេះបើ យោងតាមការសិក្សាចុងក្រោយ S&P Global ដែលបានចេញផ្សាយកាលពីថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៣។

S&P Globalបានបញ្ជាក់ផងដែរអំពីការវាយតម្លៃរបស់ក្រុមអ្នកជំនាញ ដែលថា ធនាគារ ABA នឹងបន្តគ្រប់គ្រងប្រូហ្វាលហិរញ្ញវត្ថុរបស់ខ្លួន ប្រកបដោយនិរន្តរភាព ក្នុងរយៈពេលពី១២ ទៅ ១៨ ខែជាបន្តទៀត។ លើសពីនេះ ទីភ្នាក់ងារនេះ បានបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្រ្តរបស់ធនាគារ ABA ចំពោះធនាគារជាតិកាណាដា។

S&P បាន អធិប្បាយថា «ធនាគារជាតិកាណាដា បានបង្កើនចំណែកភាគហ៊ុនរបស់ខ្លួនជាបន្តបន្ទាប់ទៅក្នុង ABA ចាប់តាំងពីខ្លួនបានវិនិយោគ ជាលើកដំបូងតាំងពីឆ្នាំ២០១៤មក។ ការបង្កើនដើមទុនចុងក្រោយ ត្រូវបានធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ ២០២៣ ថ្មីៗនេះ។

ចាប់តាំងពីឆ្នាំ២០១៨ ធនាគារជាតិកាណាដា បានបន្ថែមដើមទុនសរុបជាទឹកប្រាក់ចំនួន៤៧០លានដុល្លារអាមេរិក។ ការបង្កើនដើមទុននេះ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ធនាគារជាតិកាណាដា ចំពោះ ABA ក៏ដូចជាទំនាក់ទំនងអត្តសញ្ញាណសាជីវកម្ម (brand) និងការត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់របស់ខ្លួន​។

លទ្ធផលពីការស្រាវជ្រាវចុងក្រោយ បានបញ្ជាក់ថា ABA គឺជាធនាគារធំជាងគេបំផុតនៅកម្ពុជា។ ផ្លែតហ្វមឌីជីថលដ៏ទំនើប សម្រាប់សេវាប្រាក់កម្ចី និងប្រតិបត្តិការរបស់ស្ថាប័នហិរញ្ញវុត្ថុ បានអនុញ្ញាតឲ្យធនាគារផ្តល់នូវផលិតផលនិងសេវាកម្មនវានុវត្តន៍ និងភាពងាយស្រួល និងកាត់បន្ថយការចំណាយលើប្រតិបត្តិការបន្ថែម។ សមត្ថភាពទាំងនេះ បង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ ABA ក្នុងពង្រីកអាជីវកម្មរបស់ខ្លួន។

ការផ្តល់នូវកម្រិតឥណទាន ប្រភេទ B+ ពី S&P Global Ratings គឺជាសញ្ញាវិជ្ជមានមួយសម្រាប់អតិថិជន ABA ។ ចំណាត់ថ្នាក់នេះ មានន័យថា ធនាគារមានហិរញ្ញវត្ថុ និងជំហរអាជីវកម្មយ៉ាងរឹងមាំ។ ចំណែកឯអនាគត«ស្ថិរភាព» ក៏បង្ហាញផងដែរថា S&P Global Ratings រំពឹងថា ABA នឹងនៅតែបន្តដំណើរការបានល្អនាពេលអនាគត។

ABA មានកំណត់ត្រាប្រាក់ចំណេញដ៏រឹងមាំ និងប្តេជ្ញាចិត្តចំពោះកំណើនប្រកបដោយនិរន្តរភាព។ ធនាគារក៏មានដើមទុនច្រើន ខណៈដែលកម្ចីមិនដំណើរការ នៅតែស្ថិតក្នុងកម្រិតទាប។ ថ្មីៗនេះ ABA បានបន្តបង្កើនដើមទុនរបស់ខ្លួន ដោយមានការគាំទ្រពីភាគហ៊ុនិក​ ដែលការបន្ថែមដើមទុននេះ បានធ្វើឲ្យដើមទុនសរុបរបស់ធនាគារ កើនដល់១.៧ប៊ីលានដុល្លារអាមេរិក គិតត្រឹមខែសីហា ឆ្នាំ ២០២៣នេះ។

សូមជម្រាបថា S&P Global Ratings គឺជាទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឥណទានឈានមុខ កម្រិតពិភពលោក ដែលបានផ្តល់ចំណាត់ថ្នាក់ឥណទាន ដ៏លេចធ្លោប្រមាណជាង១លាន ដល់ស្ថាប័នរដ្ឋាភិបាល, សាជីវកម្ម, វិស័យហិរញ្ញវត្ថុ, ក្រុមហ៊ុន ហិរញ្ញវត្ថុ និងមូលបត្រអន្តរជាតិ។ ការវិភាគហានិភ័យឥណទាន ការស្រាវជ្រាវ និងទិន្នន័យនានារបស់ S&P Global Ratings ជួយឲ្យមានការរីកចម្រើននៃតម្លាភាព និងសន្ទនីយភាពទីផ្សារកាន់តែច្រើនឡើង នៅលើពិភពលោក។ S&P Global Ratings មានអ្នកជំនាញប្រមាណជាង១ ៥០០នាក់ក្នុង២៨ ប្រទេស ទូទាំងពិភពលោក។ ទីភ្នាក់ងារនេះ មានទីស្នាក់ការកណ្តាលស្ថិតនៅ ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.spratings.com (https://www.spratings.com/en_US/)៕