(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានអនុម័តលើសេចក្តីពា្រងច្បាប់លេខ ២៤៤ (SB 244) ថ្មីមួយរបស់រដ្ឋកាលីហ្វ័រញ៉ា ដែលតម្រូវឱ្យក្រុមហ៊ុនផលិតស្មាតហ្វូនផ្តល់សិទ្ធិជួសជុលដល់អ្នកប្រើប្រាស់។ នេះមានន័យថា ឧបករណ៍ជំនាន់ក្រោយៗរបស់ Apple សម្រាប់ការចេញលក់នឹងមានភ្ជាប់មកជាមួយ គ្រឿងបន្លាស់ ឧបករណ៍ និងព័ត៌មានជួសជុលដល់អ្នកប្រើប្រាស់ និងហាងជួសជុល ដែលវាជាការផ្លាស់ប្តូរដ៏ធំបំផុតរបស់ Apple។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

យោងតាមលិខិតផ្ញើជូនសមាជិកព្រឹទ្ធសភារដ្ឋកាលីហ្វ័រញ៉ាលោកស្រី Susan Talamantes Eggmanក្រុមហ៊ុន Apple បាននិយាយថា ខ្លួននឹងគាំទ្រសេចក្តីព្រាងច្បាប់លេខ ២៤៤ ព្រោះវានឹងធ្វើឱ្យមានតុល្យភាពត្រឹមត្រូវរវាងការការពារសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ខណៈពេលដែលផ្តល់ឱ្យពួកគេនូវសមត្ថភាពក្នុងការជួសជុលឧបករណ៍របស់ពួកគេផ្ទាល់។

នេះជាលើកដំបូង និងជាការផ្លាស់ប្តូរដ៏ធំរបស់ Apple ជុំវិញការអនុម័តលើសេចក្តីព្រាងច្បាប់របស់រដ្ឋកាលីហ្វញ៉ា ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានប្រឆាំងនឹងច្បាប់ផ្តល់សិទ្ធិជួសជុលដល់អ្នកប្រើប្រាស់នេះជាយូរមកហើយ។ តែយ៉ាងណាក្រោយការអនុម័តត្រូវបានប្រភពខាងលើឱ្យដឹងថា សេចក្តីព្រាងច្បាប់លេខ ២៤៤នេះ នឹងកាន់តែខិតជិតក្លាយជាច្បាប់ក្នុងពេលឆាប់ខាងមុខនេះ ហើយវាទំនងជាមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះវិធីដែលឧបករណ៍អេឡិចត្រូនិកត្រូវបានជួសជុលនៅរដ្ឋកាលីហ្វ័រញ៉ា។

គួរជម្រាបដែរថា បទប្បញ្ញត្តិសំខាន់ៗមួយចំនួននៃសេចក្តីព្រាងច្បាប់លេខ ២៤៤រួមមាន ផ្តល់សិទ្ធិជួសជុលដល់អ្នកប្រើប្រាស់ និងហាងជួសជុលនូវគ្រឿងបន្លាស់ ឧបករណ៍ និងព័ត៌មានជួសជុល ហើយក្រុមហ៊ុនផលិតស្មាតហ្វូនគ្មានសិទ្ធហាមប្រាម និងរារាំងពីការជួសជុលផ្ទាល់ខ្លួននោះទេ។ រាល់ការធានានឹងមិនត្រូវបានចាត់ទុកជាមោឃៈនោះទេ ក្នុងករណីមានបញ្ហាជួសជុលដោយខ្លួនឯង៕