(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានធ្វើការចាប់ឆ្នោតបែងចែកពូល សម្រាប់ការប្រកួតវគ្គចែកពូល (Group Stage) នៃការប្រកួតជម្រើសជើងឯកពានរង្វាន់ AFC Cup 2023/24 រួចរាល់ហើយ នៅរសៀលថ្ងៃទី២៤ ខែសីហានេះ ខណៈលទ្ធផលក្រុមតំណាងកម្ពុជា គឺក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូលF ជាមួយបេក្ខភាព ៣ក្រុមទៀត ដែលមកពី ៣ប្រទេសផ្សេងគ្នា រួមមានក្រុម Dyanamic Herb Cebu FC របស់ហ្វីលីពីន, ក្រុម Macarthur FC របស់អូស្ដ្រាលី និងក្រុម Shan United របស់មីយ៉ាន់ម៉ា។

សូមរំឮកថា មុនឈានដល់វគ្គចែកពូល ក្រុមរហស្សនាមសិង្ហក្រហម ភ្នំពេញក្រោន បានឆ្លងកាត់ការប្រកួតជម្រុះ ២ប្រកួតមកហើយ ដោយបានទម្លាក់ក្រុមខ្លាំងៗក្នុងតំបន់ ២ក្រុម រួមមានយកឈ្នះក្រុម Young Elephants FC របស់ឡាវ ដោយលទ្ធផល ៣-០ ក្នុងជំនួបវគ្គជម្រុះបឋម (Preliminary Stage) កាលពីសប្ដាហ៍មុន។

ហើយបន្ដឈានទៅវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ Tampines Rover FC របស់សិង្ហបុរី ដោយលទ្ធផល ៣-២ ក្នុងវគ្គ Play-Off កាលពីយប់មិញនេះ។ ខណៈចំពោះការប្រកួតវគ្គចែកពូលប្រចាំតំបន់អាស៊ីអាគ្នេយ៍ខាងលើ គ្រោងនឹងធ្វើការប្រកួតនាពាក់កណ្ដាលខែកញ្ញាខាងមុខ៕