(ភ្នំពេញ)៖​ ការប្រកួតពានរង្វាន់ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២០២៤ នឹងឈានចូលសប្តាហ៍ទី៤ ដោយមានក្រុមចំនួន ១០ចូលរួមប្រកួត ខណៈជំនួបជក់ចិត្តរវាងបឹងកេត ត្រូវបើកទ្ចារស្វាគមន៍ក្រុមភ្ញៀវវិសាខា ដណ្តើមយក ៣ពិន្ទុនៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ក្នុងពហុកីឡដ្ឋានជាតិ អូឡាំងពិក​ នាម៉ោង ១៨៖០០នាទីល្ងាច។

គួររំលឹកថា បឹឹងកេតកាលពីសប្តាហ៍ទី៣ កន្លងទៅ បានលេងស្មើព្រៃវែង ក្នុងលទ្ធផល ១-១ ជាមួយនឹងស្ថិតិឈ្នះ១ ស្មើ១ និងចាញ់១ ឈរនៅចំណាត់ថ្នាក់លេខ៤ និងមាន ៤ពិន្ទុ នៅពេលវិសាខាវិញ បានយកឈ្នះក្រុម​​ ISI ដង្កោសែនជ័យ ក្នុងលទផល ៤-០។​ វិសាខា ដោយបានឆ្លងកាត់ ៣ប្រកួតមកនេះដូចគ្នា ឃើញថាឈ្នះទាំង៣ ដង​ មិនដែលស្គាល់ពាក្យថាចាញ់ម្តងឡើយ និងបានឈរនៅកំពូលតារាង ដោយមាន៩ពិន្ទុ
ស្មើនឹងក្រុមព្រះខ័នរាជស្វាយរៀង​ ដែលឈរនៅលេខ២ មាន ៩ពិន្ទុដូចគ្នា។

ខាងក្រោមនេះជាកម្មវីធីប្រកួតរបស់ក្រុមទាំង១០ នៃពានរង្វាន់ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២០២៤
ការប្រកួតនៅថ្ងៃសៅរ៍ ទី២៦​ ខែសីហា ឆ្នាំ២០២៣ រួមមាន៖
១៖ ISI ដង្កោសែនជ័យ Vs ព្រះខ័នរាជស្វាយរៀង។

ការប្រកួតនៅថ្ងៃអាទិត្យ ទី២៧​ ខែសីហា ឆ្នាំ២០២៣ រួមមាន៖
១៖ អង្គរថាយហ្គឺរ Vs កងយោធពលខេមរភូមិន្ទ
២៖ គិរីវង់សុខសែនជ័យ Vs ព្រៃវែង
៣៖ ណាហ្គា Vs ភ្នំពេញក្រោន
៤៖ បឹងកេត Vs វិសាខា។

សូមបញ្ជាក់ថា បន្ទាប់ពីក្រុមបឹងកេត ប៉ះវិសាខា នៅមានក្រុមខ្លាំងមួយគូទៀតដែលត្រូវជួបគ្នា រវាងក្រុម​ណាហ្គា ដែលឈរនៅចំណាត់ថ្នាក់លេខ៧ និងមាន៣ពិន្ទុ ត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវភ្នំពេញក្រោន​ដែលឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន ៣ពិន្ទុដូចគ្នា​នាថ្ងៃអាទិត្យ ទី២៧ ខែសីហា នៅក្នុងទឹកដីនៃកីឡដ្ឋាន កំពង់ស្ពឺ នាម៉ោង១៨៖០០នាទីល្ងាច៕