(បរទេស)៖ ម្ចាស់ពានរង្វាន់ Grammy Awards និងជាប់ឈ្មោះជាតារាចម្រៀងស្រី មានទ្រព្យច្រើនជាងគេលើលោក Rihanna អាយុ ៣៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា បានផ្តល់កំណើតដល់កូនប្រុស ដែលជាកូនទីពីររបស់នាង ជាមួយតារាចម្រៀងរ៉េប A$AP Rocky កាលពីថ្ងៃទី០៣ ខែសីហា នៅទីក្រុង Los Angeles។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

គេហទំព័រព័ត៌មានកម្សាន្ត TMZ បានរាយការណ៍កាលពីថ្ងៃទី២២ ខែសីហាថា តារាចម្រៀង Rihanna បានសម្រាលកូនទី២របស់ខ្លួននៅដើមសប្ដាហ៍នេះ និងបានដាក់ឈ្មោះសមាជិកថ្មីមួយនេះចាប់ផ្ដើមដោយអក្សរ «R»។ នេះគឺជាកូនទី២ហើយរបស់ Rihanna ជាមួយនឹងតារារ៉េប A$AP Rocky (អេសេប រ៉ុកគី) បន្ទាប់ពីកូនប្រុសដំបូងរបស់ពួកគេឈ្មោះ RZA Athelston Mayers (អហ្ស៊ីអេ អេថេស្តុន ម៉េអ៊ើ) បានកើតកាលពីថ្ងៃទី ១៣ ខែឧសភា កាលពីឆ្នាំមុន។ គួររំឭកថា Rihanna បានប្រកាសពីការមានផ្ទៃពោះលើកទីពីររបស់នាងក្នុងខែកុម្ភៈ ក្នុងពេលឡើងសម្តែងក្នុងកម្មវិធី Super Bowl (ស៊ុភើបូល)។ Rihanna និង A$AP Rocky ធ្លាប់ជាមិត្តនឹងគ្នាជាច្រើនឆ្នាំ មុនពេលពួកគេចាប់ផ្តើមទំនាក់ទំនងស្នេហា។ តារារ៉េបវ័យ ៣៤ឆ្នាំ បានប្រាប់ទស្សនាវដ្តី GQ កាលពីខែឧសភា ឆ្នាំ ២០២១ ថា Rihanna គឺជាស្នេហាតែមួយគត់ក្នុងជីវិតលោក ហើយលោកពិតជាចង់ក្លាយជាឪពុកគេខ្លាំងណាស់។

គួរជម្រាបថា តារាចម្រៀងម្ចាស់បទ «Diamonds» ដែលមានដើមកំណើតនៅប្រទេសបាបាដុស (Barbados) រូបនេះ ធ្លាប់បានឈ្នះពានរង្វាន់ Grammy ចំនួនប្រាំបួន និងបានបង្កើតប្រេនសម្លៀកបំពាក់ Fenty (ហ្វេនធី) ហើយតាមរយៈអាជីពចម្រៀង និងមុខជំនួញជាច្រើនក្នុងដៃធ្វើឲ្យតារាស្រីវ័យ ៣៥ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិច្រើនដល់ជាង ១,៤ ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០២៣នេះ៕