(ឡុងដ៏)៖ ក្លិប Nottingham Forest បាននាំយកខ្សែការពារដែលឈ្នះពានរង្វាន់ FIFA World Cup 2022 កីឡាករ Gonzalo Montiel មកពង្រឹងក្រុមនៃលីគអង់គ្លេស ដោយនាំមកពីក្លិបអេស្ប៉ាញ Sevilla ក្នុងលក្ខខណ្ឌខ្ចីជើង ១រដូវកាលជាមួយនឹងជម្រើសអាចផ្លាស់ប្តូរជាអចិន្ត្រៃយ៍ផងដែរ។

រំលឹកផងថា Gonzalo Montiel មានវ័យ ២៥ឆ្នាំ ជាខ្សែការពារសញ្ជាតិអាហ្សង់ទីន ដែលរួចចំណែងរកបាន ១គ្រាប់ជួយក្រុមឈ្នះពាន World Cup 2022 ដែលយកឈ្នះក្រុមបារាំង ដោយការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តីនៅវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំមុននៅប្រទេសកាតា។

Gonzalo Montiel បានក្លាយជាសមាជិកទី៥ របស់ក្លិប Forest ស្ថិតក្រោមការដឹកនាំដោយលោគ Steve Cooper ក្នុងទីផ្សារដោះដូររដូវក្តៅនេះ ដែលរូបគេត្រូវក្លិបផ្តល់ឲ្យពាក់អាវលេខ២៦ ប្រចាំក្រុម ខណៈកាលលេងនៅ Sevilla រូបគេបង្ហាញខ្លួនបាន ៧២ប្រកួតរកបាន ២គ្រាប់ ជាមួយការឈ្នះពាន UEFA Europa League 2022-23 នាមជាអតីតកីឡាកររបស់ក្លិប River Plate។

ជាមួយការទៅដល់ក្លិប Forest ខ្សែការពាររូបនេះបានឲ្យដឹងថា« ខ្ញុំមកទីនេះពោពេញទៅដោយក្តីរំពឹងថា នឹងអាចបានលេង ហើយបង្ហាញអ្វីដែលខ្ញុំអាចធ្វើបាន ខ្ញុំពិតជាស្រេកឃ្លានការឈ្នះអ្វីគ្រប់យ៉ាង ដូចជាការឈ្នះពានរង្វាន់ ឥឡូវនេះដល់ពេលបង្ហាញវាហើយ»៕