(ម៉ៃអាមី)៖ សមាជិកថ្មី Lionel Messi បានបន្តជួយក្រុម Inter Miami FC ឡើងទៅឈរនៅចាំមុន សម្រាប់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ U.S Open Cup 2023 របស់សហរដ្ឋអាមេរិក បន្ទាប់ពីយកឈ្នះគូប្រជែង Cincinnati ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៥-៤ នាយប់មិញនេះ។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡាអេស្ប៉ាញ Marca បានឲ្យដឹងថា Cincinnati បានបើកការនាំមុខ ២គ្រាប់មុន នៅមុនពេលប្រធានក្រុមអាហ្សង់ទីន Messi បញ្ជូនបាល់ឲ្យ Leonardo Campana រកបាន ២គ្រាប់វិញ និងនាំមុខ ៣-២ ផងដែរពីការធ្វើបានរបស់កីឡាករ Josef Martinez ដែលទើបចាប់ផ្តើមប្រកួតក្នុងម៉ោងថែមលើកទី១ បាន ៣នាទីប៉ុណ្ណោះ។

យ៉ាងនេះក្តី Yuya Kubo ជាអ្នករកបានគ្រាប់តាមស្មើ ៣-៣ នៅនាទី១១៤ ឲ្យក្រុម Cincinnati ដែលធ្វើឲ្យការទាត់បាល់ប៉េណាល់ទីកើតមានឡើង នៅពេល Messi ទាត់ចូល ១គ្រាប់ផងដែរ ក្នុងចំណោម ៥គ្រាប់របស់ Miami គ្រាដែល Cincinnati ទាត់ចូល ៤គ្រាប់។

Inter Miami FC ដែលមានលោក David Beckham ជាស្ថាបនិកក្លិបផងនោះ ត្រូវរង់ចាំរវាងក្រុមឈ្នះ Houston ឬក៏ Real Salt Lake ដែលត្រូវប្រកួតបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីនេះ ក្នុងការដណ្តើមជើងឯក Open Cup នារាត្រីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣៕