(មេនឆេស្ទើ)៖ កីឡាករខ្សែបម្រើ Bernado Silva បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីរយៈពេល ១ឆ្នាំទៀត ពោលនឹងផុតកំណត់នៅឆ្នាំ២០២៦ ខាងមុខជាមួយក្រុមមេឃខៀវ Manchester City ដែលបានផ្តល់ការខកចិត្តសម្រាប់ក្រុមអេស្ប៉ាញ FC Barcelona បន្ទាប់ពីតាមចែចូវរូបគេ ២រដូវកាលមកហើយ។

កិច្ចសន្យាចាស់របស់កីឡាករអន្តរជាតិព័រទុយហ្គាល់ខាងលើនេះ នៅទឹកដី Etihad នឹងផុតកំណត់នៅឆ្នាំ២០២៥ ដ្បិតកន្លងមក កីឡាករវ័យ ២៩ឆ្នាំ Silva ត្រូវបានគេទាក់ទងទៅលេងនៅ Barcelona ចំនួន ២លើករួចមកហើយ តែមិនបានសម្រេច និងមានការចាប់អារម្មណ៍ពីសំណាក់ក្លិប Paris Saint-Germain និង Al-Hilal ថែមទៀតផង។

ក្រោយពីចុះកិច្ចសន្យារយៈពេល ១ឆ្នាំរួចរាល់ Silva បានថ្លែងប្រាប់ BBC ថា «វាពិតជាអស្ចារ្យមែនទែនក្នុងរយៈពេល ៦ឆ្នាំមកនេះនៅ Man City ជាមួយនឹងក្តីរីករាយក្នុងការបន្តលេងនៅទីនេះទៀតដែរ។ ការឈ្នះពានដល់ទៅ៣ នារដូវកាលមុន វាពិតជាសំខាន់ខ្លាំងណាស់ នៅពេលខ្ញុំបានក្លាយជាផ្នែកមួយនៃរឿងនេះ»

Silva ធ្វើបានល្អមែនទែនសម្រាប់រដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ៧គ្រាប់ និងបញ្ជូនបាន ៨គ្រាប់ផងដែរ ពីការចូលលេងសរុបបាន ៥៥ប្រកួតជួយ Man City ឈ្នះជើងឯក FA Cup, Premier League និងចុងក្រោយ UEFA Champions League។ រូបគេបានក្លាយជាតួអង្គសំខាន់ក្នុងបញ្ជីរបស់លោក Pep Guardiola ក្នុងការជំនួសកន្លែងរបស់ Kevin de Bruyne ដែលមានបញ្ហារបួសសរសៃពួរត្រូវការវះកាត់នោះ៕