(ភ្នំពេញ)៖ លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានលើកឡើងថា កម្ពុជាគួរមានក្រុមបាល់ទាត់ច្រើនជាង ១ក្រុម សម្រាប់ចូលរួមការប្រកួតជម្រើសជើងឯកក្លិបបាល់ទាត់អាស៊ី AFC Cup ដើម្បីឆ្លើយតបភាពរីកចម្រើន នៃវិស័យកីឡាបាល់ទាត់កម្ពុជា ។

ការលើកឡើងនេះ បន្ទាប់ពីលោកដឹកនាំក្រុមសិង្ហក្រហម ទម្លាក់គូប្រជែង ២ប្រកួតជាប់គ្នា ក្នុងវគ្គជម្រុះ នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ពិសេសការវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះសិង្ហបុរី Tampines Rover FC ដោយលទ្ធផល ៣-២ ក្នុងវគ្គ Play-Off កាលពីយប់មិញ ក្រោយយកឈ្នះក្រុម Young Elephants FC របស់ឡាវ ដោយលទ្ធផល ៣-០ ក្នុងជំនួបវគ្គជម្រុះបឋម(Preliminary Stage) កាលពីសប្ដាហ៍មុន ។

គ្រូបង្វឹកជនជាតិអ៊ុយក្រែនដដែល បានផ្ញើរភាពសប្បាយរីករាយ នៃជ័យជម្នះខាងលើ ទៅកាន់ប្រជាជនកម្ពុជាទាំងអស់ ព្រោះនេះពិតជាសំខាន់សម្រាប់ពួកគេគ្រប់គ្នា ដែលភ្នំពេញក្រោនលេងតំណាងឲ្យក្រុមកម្ពុជា ហើយបានយកឈ្នះ ២ប្រកួតជាប់គ្នា ដើម្បីបន្ដដំណើរទៅវគ្គចែកពូល(Group Stage) នៃពានរង្វាន់ AFC Cup 2023/24 ។

លោក Oleg បានសង្កត់ធ្ងន់ថា «យើងពិតជាមានកិត្តិយសក្នុងការជំរុញបាល់ទាត់នៅកម្ពុជា ខ្ញុំគិតថាបាល់ទាត់នៅកម្ពុជាគួរតែទទួលបានភាពប្រសើរជាងនេះ ដោយគួរតែមានច្រើនជាង ១ក្រុមក្នុងវគ្គជម្រុះ ដូចដែលអ្នកបានឃើញនៅថ្ងៃនេះ យើងអាចប្រជែង និងអាចឈ្នះក្រុមធំៗនៅតំបន់អាស៊ានបាន»

សូមរំឮកថា ក្នុងជំនួបវគ្គ Play-Off កាលពីយប់មិញ ភ្នំពេញក្រោន ត្រូវបានក្រុមម្ចាស់ផ្ទះ Tampines Rover FC នាំមុខ ២គ្រាប់មុន បន្ទាប់មកទើបក្រុមជើងឯកលីគកំពូលកម្ពុជា ៨សម័យ វាយបករហូតបាន ៣គ្រាប់វិញ ដោយកីឡាករ Yudai Ogawa នៅនាទី៤៣, កីឡាករ Andrés Nieto និងកីឡាករជប៉ុន hintaro Shimizu នៅនាទី៥២ និងនាទី៥៣ ដើម្បីទម្លាក់ក្រុមខ្លាំងសិង្ហបុរីនេះតែម្ដង ។

ជោគជ័យនេះ ត្រូវបានអ្នកគាំទ្រកម្ពុជា សម្ដែងការសាទរ ដែលក្រុមភ្នំពេញក្រោន បានឡើងទៅវគ្គចែកពូល ខណៈវគ្គចែកពូលទៀតសោត នឹងត្រូវធ្វើការចាប់ឆ្នោតបែងចែកពូល នៅរសៀលថ្ងៃទី២៤ ខែសីហានេះ មុនឈានដល់ការប្រកួត ដែលគ្រោងនឹងធ្វើឡើងនាពាក់កណ្ដាលខែកញ្ញាខាងមុខ ៕