(សិង្ហបុរី)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា បានឡើងវគ្គចែកពូល ឬវគ្គ Group Stage នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ី AFC Cup 2023 ហើយ បន្ទាប់ពីវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ Tampines Rover FC របស់សិង្ហបុរី ដោយលទ្ធផល ៣-២ មុននេះបន្ដិច នៅកីឡដ្ឋាន Jalan Besar ។

ជំនួបវគ្គជម្រុះ Play-Off នេះ ដោយសារកំហុសបច្ចេកទេស និងការមិនសូវស៊ាំជាមួយទីលានផង បណ្ដាលឲ្យក្រុមម្ចាស់ផ្ទះ Tampines Rover FC រកបាន ២គ្រាប់មុន ដោយកីឡាករម៉ុងតេណេហ្គ្រោ Boris Koptovic នៅនាទីទី៩ និងនាទី២៤ មុនកីឡាករ Yudai Ogawa រកបាន ១គ្រាប់ឲ្យក្រុមភ្នំពេញក្រោនវិញ នៅនាទី៤៣ ។

ចូលវគ្គទី២ ក្រុមជើងឯកលីគកំពូលកម្ពុជា ធ្វើបានយ៉ាងល្អ ដោយបន្ដរកបាន ២គ្រាប់ផ្ទួនៗបន្ថែម ដោយកីឡាករកូឡុំប៊ី Andrés Nieto និងកីឡាករជប៉ុន hintaro Shimizu នៅនាទី៥២ និងនាទី៥៣ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។

ជ័យជម្នះនេះ នាំឲ្យក្រុមភ្នំពេញក្រោន របស់កម្ពុជា ទទួលបានកៅអីវគ្គ Group Stage នៃពានរង្វាន់ AFC Cup 2023 ដែលគ្រោងនឹងធ្វើការប្រកួតពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ។ មុនទម្លាក់ក្រុមសិង្ហបុរី Tampines Rover ក្នុងវគ្គ Play-Off ដើម្បីឡើងវគ្គចែកពូល ក្រុមសិង្ហក្រហមភ្នំពេញក្រោន ក៏បានយកឈ្នះក្រុមឡាវ Young Elephants FC ដោយលទ្ធផល ៣-០ ក្នុងជំនួបវគ្គជម្រុះបឋម(Preliminary Stage) កាលពីសប្ដាហ៍មុនផងដែរ ៕