(ភ្នំពេញ)៖ ធនាគារ PPCBank បានប្រកាសបើកដំណើរការជាផ្លូវការ នូវមជ្ឈមណ្ឌលសេវាធនាគារជាលើកដំបូងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ដើម្បីពង្រីកវិសាលភាពនៃ ការបំពេញតម្រូវការជូនអតិថិជន ឲ្យបានកាន់តែទូលំទូលាយថែមទៀត។ មជ្ឈមណ្ឌលថ្មីនេះ ផ្តល់ជូនការប្រឹក្សាអាជីវកម្ម ផលិតផលសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) និងការប្រឹក្សា យោបល់ផ្នែកហិរញ្ញវត្ថុ ដែលជាតម្រូវការជាក់លាក់របស់អតិថិជនឯកជន ជាមួយនឹងផលិតផល និងសេវាកម្មពេញលេញរបស់ធនាគារ PPCBank រួមមានដូចជា ការបើកគណនី ការដាក់ប្រាក់បញ្ញើសន្សំ ការផ្តល់ប្រាក់កម្ចី ការទូទាត់តាមអនឡាញ ការទូទាត់ដោយផ្ទាល់តាមរយៈដៃគូធនាគារ និងផ្សេងៗជាច្រើនទៀត។

មជ្ឈមណ្ឌលសេវាធនាគារ ដែលស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញនេះ មានទីតាំងនៅផ្ទះលេខ៩B ផ្លូវលេខ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបើកបម្រើសេវាជូន អតិថិជនរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៨៖០០នាទីព្រឹក រហូតដល់ ម៉ោង៤៖០០នាទីរសៀល និងថ្ងៃសៅរ៍ ពីម៉ោង៨៖០០នាទីព្រឹក រហូតដល់ ម៉ោង១២៖០០នាទីថ្ងៃត្រង់។ ធនាគារ PPCBank បានលើក ឡើងថា មជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងការកើនឡើងដ៏សំខាន់នៃមូលដ្ឋាន អតិថិជន ក្នុងការរួមចំណែកលើកកម្ពស់ការផ្តល់សេវាកម្ម ដែលមានលក្ខណៈឯកជន និងសេវាកម្មផ្សេងៗ ប្រកបដោយបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីធ្វើឲ្យការរស់នៅរបស់អតិថិជនកាន់តែមានភាពងាយស្រួល។

លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank បានមានប្រសាសន៍ថា «ពីមួយឆ្នាំទៅមួយឆ្នាំ តម្រូវការហិរញ្ញវត្ថុរបស់អតិថិជនមានច្រើនប្រភេទ។ ដូច្នេះរបៀបដែលធនាគារឆ្លើយតបយ៉ាងឆាប់ រហ័សចំពោះតម្រូវការខុសៗគ្នារបស់អតិថិជននេះ នឹងក្លាយជាកត្តាដ៏សំខាន់សម្រាប់ការរស់រាននៅលើទីផ្សារ។ ខ្ញុំប្រាកដថា មជ្ឈមណ្ឌលថ្មីរបស់យើង នឹងក្លាយជាគំរូមួយសម្រាប់បែបផែនថ្មីនៃសាខាធនាគារ នៅក្នុងប្រទេសកម្ពុជានាពេលអនាគត»។

មជ្ឈមណ្ឌលសេវាធនាគារ PPCBank មានអ្នកជំនាញផ្នែកផលិតផល និងបុគ្គលិកសាជីវកម្មដែលមានបទពិសោធន៍ នៅរង់ចាំបម្រើសេវាកម្ម និងការប្រឹក្សាយោបល់សម្រាប់ដំណោះស្រាយហិរញ្ញវត្ថុ​ដ៏ ត្រឹមត្រូវជូនដល់អតិថិជន។ គន្លឹះនៃភាពជោគជ័យ ដែលជាការរំពឹងទុករបស់មជ្ឈមណ្ឌល គឺភាពច្បាស់លាស់ ភាពត្រឹមត្រូវ និងលឿនរហ័សទាន់ចិត្ត ដើម្បីធានាបានថា អតិថិជនទាំងអស់ទទួល បានសេវាកម្មដ៏ល្អឥតខ្ចោះពីធនាគារ។

ធនាគារ PPCBank បានចូលរួមជាយូរមកហើយ ចំពោះដំណោះស្រាយហិរញ្ញវត្ថុ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការផ្តល់ផលិតផល សេវាកម្មហិរញ្ញវត្ថុ និងជាពិសេសកម្ចីផ្សេងៗ ដែលអនុញ្ញាតឲ្យម្ចាស់សហគ្រាសអាចពង្រីកអាជីវកម្ម និងរួមចំណែកធ្វើឲ្យទស្សនវិស័យ សេដ្ឋកិច្ចមានភាពវិជ្ជមាននៅក្នុងតំបន់។ ការពង្រីកសេវាប្រាក់កម្ចីសម្រាប់ការទិញរថយន្ត និងគេហដ្ឋាន របស់ធនាគារ PPCBank ក៏នឹងជួយឲ្យប្រជាជនកម្ពុជាកាន់តែច្រើន អាចសម្រេចបាននូវក្តីសុបិនហិរញ្ញវត្ថុរបស់ខ្លួនផងដែរ។

សម្រាប់ការសួរនាំព័ត៌មានផ្សេងៗ អំពីមជ្ឈមណ្ឌលសេវាធនាគារ PPCBank សូមទាក់ទងមកផ្នែកបម្រើសេវាអតិថិជន តាមរយៈលេខទូរស័ព្ទ ០៩៦ ៣ ៩០៩ ៩០៩/០២៣ ៩០៩ ៩០៩ (២៤ម៉ោង/៧ថ្ងៃ)៕