(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលរបស់អាមេរិក Apple Inc នឹងបើកព្រឹត្តិការណ៍ ប្រកាសបង្ហាញស្មាតហ្វូនជំនាន់ចុងក្រោយត្រកូល iPhone 15 នៅថ្ងៃទី១៣ ខែកញ្ញាខាងមុខនេះជាមួយនឹងរូបរាង និងបច្ចេកវិទ្យាថ្មី ប៉ុន្តែតាមការបញ្ជាក់សម្រាប់ iPhone 15 Pro Max នឹងត្រូវពន្យាពេលដាក់លក់រហូតដល់ខែតុលាឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

ប្រភពពី 9to5mac បានឱ្យដឹងថា Apple នឹងនៅតែបើកព្រឹត្តិការណ៍ប្រកាសបង្ហាញស្មាតហ្វូនរបស់ខ្លួននៅថ្ងៃទី១៣ ខែកញ្ញា តាមទម្លាប់ជារៀងរាល់ឆ្នាំរបស់ខ្លួនដដែល ប៉ុន្តែសម្រាប់ពេលវេលាដាក់លក់ម៉ូដែល iPhone 15 Pro Max នឹងត្រូវបានពន្យាពេលចន្លោះពី ៣ ទៅ ៤សប្តាហ៍ទើបអាចចេញលក់នៅលើទីផ្សារបាន។

នេះមានន័យថា សម្រាប់ iPhone 15, iPhone 15 Plus និង iPhone 15 Pro នឹងចេញលក់តាមពេលវេលាដដែល ពោលគឺអាចចែកចាយនៅលើទីផ្សារក្រោយថ្ងៃប្រកាសមួយសប្តាហ៍ ឬក្នុងអំឡុងថ្ងៃទី២២ ខែកញ្ញា ប៉ុន្តែសម្រាប់ iPhone 15 Pro Max អាចនឹងមានវត្តមានលើទីផ្សារក្នុងអំឡុងពាក់កណ្តាលខែតុលា ឬរហូតដល់ចុងខែឯណោះ។

គួរជម្រាបដែរថា មូលហេតុដែល Apple ពន្យាពេលចេញលក់ម៉ូដែលកំពូល iPhone 15 Pro Max នេះក៏ដោយសារតែ បញ្ហាខ្សែសង្វាក់ផលិតកម្មដែល Apple ចាប់ផ្តើមផ្លាស់ប្តូរទៅគែមជុំវិញ iPhone ប្រភេទអេក្រង់ រូមទាំងបច្ចេកវិទ្យាកាមេរ៉ាថ្មីៗ។ ខណៈការផ្លាស់ប្តូរនេះ គឺរំពឹងការផ្គត់ផ្គង់ពីក្រុមហ៊ុន LG តែមួយប៉ុណ្ណោះ ដោយសារតែក្រុមហ៊ុននេះជាក្រុមហ៊ុនដំបូងគេបំផុតដែលផលិតអេក្រង់ថ្មីស្របតាមតម្រូវការរបស់ Apple បាន៕