(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បាននិយាយនៅក្នុងការបង្ហាញឯកសារផ្លូវច្បាប់មួយ ថាខ្លួនបានកំណត់អត្តសញ្ញាណអតីតបុគ្គលិក Tesla ពីរនាក់ដែលនៅពីក្រោយការលេចធ្លាយទិន្នន័យអ្នកប្រើប្រាស់របស់ខ្លួន បូករួមទាំងអ្នកប្រើប្រាស់ជាបុគ្គលិកប្រមាណ ៧៥,០០០នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

ក្រោយមានការចោទប្រកាន់ពីអ្នកប្រើប្រាស់ជាច្រើនថា Tesla បានចែកចាយទិន្នន័យឯកជនភាពរបស់ពួកគេ ពេលនេះ Tesla ចាប់ផ្តើមអះអាងហើយថា នៅពីក្រោយពីបញ្ហាទាំងអស់នោះគឺដោយសារអតីតបុគ្គលិកពីនាក់របស់ខ្លួន។ ជុំវិញបញ្ហានេះកាលពីខែឧសភាកន្លងទៅ Tesla បានលេចធ្លាយទិន្នន័យអ្នកប្រើប្រាស់ច្រើនជាង 100GB ដែលត្រូវបានចែករំលែកជាមួយកាសែតអាល្លឺម៉ង់ Handelsblatt ដោយបង្ហាញពីទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។

យោងតាមការចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ក្រុមហ៊ុនកាសែតអាល្លឺម៉ង់ Handelsblatt បានប្រាប់ Tesla ថាខ្លួនទទួលបានព័ត៌មានសម្ងាត់មួយចំនួនរបស់អ្នកប្រើប្រាស់ដោយក្នុងនោះរួមមានការកំណត់អត្តសញ្ញាណ ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ និងលេខសន្តិសុខសង្គម។ មិនត្រឹមតែប៉ុណ្ណោះនៅមានវីដេអូ និងរូបភាពរបស់អ្នកប្រើប្រាស់ដែលថតបានតាមរយៈកាមេរ៉ាក្នុងរថយន្តថែមទៀតផង។

គួរជម្រាបដែរថា ការអះអាងចុងក្រោយរបស់ Tesla អំពីបុគ្គលិកពីនាក់ដែលនៅពីក្រោយរឿងនេះ មិនត្រូវបានបញ្ចេញអត្តសញ្ញាណបុគ្គលិកនោះទេ ប៉ុន្តែប្រភពចេញផ្សាយបានឱ្យដឹងថា Tesla បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងពួក រួមទាំងរឹបអូសឧបករណ៍របស់ពួកគេភ្លាមៗតែម្តង៕