(សិង្ហបុរី)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវជួបក្រុម Tampines Rover FC របស់ប្រទេសសិង្ហបុរី នាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី២៣ ខែសីហានេះ ក្នុងវគ្គជម្រុះ Play Off សម្រាប់ការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ី AFC Cup 2023 ដើម្បីដណ្ដើមកៅអីវគ្គចែកពូល (Group Stage) នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ី។

ការប្រកួតនេះកើតឡើង បន្ទាប់ពីក្រុមជើងឯកលីគកំពូលកម្ពុជា ៨សម័យ ភ្នំពេញក្រោនបានទម្លាក់ក្រុមឡាវ Young Elephants FC ក្នុងវគ្គជម្រុះបឋម (Preliminary Stage) ដោយលទ្ធផល ៣-០ លើទឹកដីខ្លួនកាលពីថ្ងៃទី១៦ ខែសីហាកន្លងទៅ។ ដូច្នេះចាំមើលល្ងាចនេះ តើភ្នំពេញក្រោន អាចបន្ដយកឈ្នះក្រុមសិង្ហបុរី ដើម្បីឡើងទៅវគ្គបន្ដទៀតបានទេ?

ថ្លែងមុនការប្រកួតលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោនបានគូសបញ្ជាក់ថា លោកបានសិក្សាច្រើនពីគូប្រកួត ហើយទទួលស្គាល់ថា Tampines Rover FC គឺជាក្រុមមួយដ៏រឹងមាំ ដែលមានកីឡាករមានគុណភាពច្រើន។ យ៉ាងណាមិញលោកថា ការប្រកួតនេះ នឹងមិនមែនជាការប្រកួតងាយស្រួលសម្រាប់ក្រុមទាំងពីរនោះទេ។

គ្រូបង្វឹកជនជាតិអ៊ុយក្រែនរូបនេះបន្ដថា «សម្រាប់ការប្រកួតនេះយើងរំពឹងថា គឺជាការប្រកួតដ៏តានតឹងសម្រាប់ក្រុមទាំងពីរ ហើយបើសិនជាក្រុមណាមួយមានកំហុសនោះ នឹងធ្វើឲ្យមានការប្រែប្រួល។ ខ្ញុំមិនគិតថាក្រុមទាំងពីរ មានឪកាសច្រើននោះទេ ប៉ុន្តែពួកយើងនឹងបង្ហាញឲ្យអស់ ដើម្បីឲ្យអ្នកគាំទ្ររបស់យើងរីករាយជាមួយនឹងការប្រកួតនេះ»

ចំណែកកីឡាករ អ៊ន ចាន់ប៉ូលីន ប្រធានក្រុមសិង្ហក្រហមខាងលើ បានលើកឡើងស្រដៀងគ្នាថា «យើងព្យាយាមរៀបចំក្រុមបន្ថែមទៀត ហើយសម្រាប់ការប្រកួតនេះ យើងដឹងថាពួកគេជាក្រុមខ្លាំង ជាមួយនឹងកីឡាករល្អៗ ហើយមួយទៀតនោះគឺពួកគេលេងនៅក្នុងដីរបស់គេ ដែលនេះគឺជាផលចំណេញមួយសម្រាប់គេ។ ប៉ុន្តែសម្រាប់យើងអ្វីដែលសំខាន់នោះគឺការរៀបចំការប្រកួតនេះ យើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាពក្នុងនាមជាក្រុមតំណាងឲ្យកម្ពុជា»

សម្រាប់ការប្រកួតរវាងក្រុមភ្នំពេញក្រោន របស់កម្ពុជា និងក្រុមម្ចាស់ផ្ទះ Tampines Rovers ចំពោះក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅវគ្គចែកពូលនៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ដែលគ្រោងនឹងធ្វើការប្រកួតពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ៕