(ឡុងដ៏)៖ ខ្សែបម្រើលេខ១០ របស់ក្លិប Liverpool កីឡាករ Alexis Mac Allister ដែលត្រួវបានអជ្ញាកណ្តាលផ្តល់កាតក្រហមនៅជំនួបឈ្នះ AFC Bournemouth ៣-១ ក្នុងលីគអង់គ្លេស Premier League សប្តាហ៍ទី២ នៅពេលនេះត្រូវបានសម្រេចលុបចោល ក្រោយមានការតវ៉ាប្តឹងដោយជោគជ័យ។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

ខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Mac Allister មានវ័យ ២៤ឆ្នាំ ត្រូវបានបណ្តេញចេញពីទីលាន Anfield នៅនាទី៥៨ ក្រោយពេលបង្ករកំហុសទៅលើកីឡាករ Ryan Christie (ទាត់ជើង) ដែលលោកអជ្ញាកណ្តាលបានផ្តល់កាតក្រហម ខណៈការពិន័យនោះ តម្រូវឲ្យរូបគេមិនអាចចូលរួមប្រកួតចំនួន ៣ប្រកួតខាងមុខបន្ទាប់។

លោក Jurgen Klopp គ្រូបង្វឹកក្លិបហង្សក្រហម Liverpool បានលើកឡើងថា «ក្រុមហង្សក្រហមបានប្តឹងទៅឧទ្ធរណ៍ហើយគណៈកម្មការឯករាជ្យរបស់សមាគមបាល់ទាត់បានសម្រេចដកការព្យួរនេះវិញ»

ក្នុងនោះ ស្ថាប័នគ្រប់គ្រងបាល់ទាត់អង់គ្លេស FA បានឲ្យដឹងថា «គណៈកម្មាការឯករាជ្យមួយបានដកការព្យួរចំនួន ៣ប្រកួតនេះរបស់ Mac Allister បន្ទាប់ពីការបណ្តេញចេញនេះខុស»