(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ តំណាងលោកទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅល្ងាចថ្ងៃអង្គារនេះ បានជួបសំណេះសំណាលកីឡាករ-កីឡាការិនីចំនួន ១៣៦នាក់ លើ ១១ប្រភេទកីឡា ដែលត្រូវបញ្ជូនទៅហ្វឹកហាត់ នៅសាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី២៣ ខែសីហាស្អែក រហូតដល់ដំណាច់ឆ្នាំ២០២៣ នេះ ។

អគ្គលេខាធិការ NOCC ខាងលើ បានបញ្ជាក់ថា នេះជាលើកទី២ ហើយ ដែលកម្ពុជា ត្រូវបញ្ជូនអត្តពលិកជម្រើសជាតិកម្ពុជា ទៅហ្វឹកហាត់នៅចិន ដោយបន្ដកម្មវិធីជំនួយផ្នែកអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រជាមានិតចិន ដែលនៅសល់អាហារូបករណ៍ប្រមាណ ៩០ថ្ងៃទៀត ដ្បិតក្នុងយុទ្ធសាស្ដ្រស៊ីហ្គេម ឆ្នាំ២០២៣ កាលពីថ្មីៗ កម្ពុជាធ្លាប់បានបញ្ចូនអត្តពលិកចំនួន ១៦១នាក់ លើ ១២ប្រភេទកីឡា ទៅហ្វឹកហាត់ជាង ៧ខែមកហើយ កាលពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៣ ។

ចំពោះការបោះជំរំហ្វឹកហាត់លើកនេះ លោក វ៉ាត់ ចំរើន បញ្ជាក់ថា «យើងមានកីឡាករ-កីឡាការិនីជម្រើសជាតិពេញវ័យផង និងថ្នាលផង ។ ការបណ្ដុះបណ្ដាលនេះដែរ យើងមានគោលដៅ ២ ទី១-សម្រាប់កីឡាករ-កីឡាការិនីពេញវ័យ គឺត្រៀមការប្រកួតកីឡាអាស៊ី(Asian Games) លើកទី១៩ នៅទីក្រុងហានចូវ ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលាផង និងត្រៀមស៊ីហ្គេម ឆ្នាំ២០២៥ ផង ។ ចំពោះប្អូនៗ ក្មួយៗ អាយុជាង ១០ឆ្នាំ គឺពួកគាត់ត្រូវត្រៀមសម្រាប់ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ»

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលបន្ដថា «ដូច្នេះដោយបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ដ្រី ថោង ខុន គឺត្រូវយកចិត្តទុកដាក់ ក្នុងការពង្រឹងសមត្ថភាព និងធនធានបច្ចេកទេសកីឡាករ-កីឡាការិនីរបស់យើង ឲ្យបានល្អ ដើម្បីត្រៀមការប្រកួតទាំងអស់នេះ ។ អ្វីដែលយើងយកចិត្តទុកដាក់ គឺពង្រឹងទាំងស្មារតី និងការផ្ដល់នូវថាមពល នៃចិត្ដសាស្ដ្រឲ្យពួកគាត់ខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ ដែលត្រូវចេញដំណើរនៅថ្ងៃស្អែកនេះ ដែលត្រូវចែកចេញជា ៣ក្រុម ទៅខេត្តផ្សេងៗគ្នា»

ការងារនេះ ត្រូវបានរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា និង NOCC ពិសេសគឺសហព័ន្ធជាតិ បានខិតខំប្រឹងប្រែង ក្នុងការជំរុញឲ្យមានការហ្វឹកហាត់ ប្រកបដោយស្ថេរភាព និងនិរន្ដរភាព ដើម្បីធានាបាននូវកម្រិតបច្ចេកទេសខ្ពស់ និងត្រឡប់មកវិញ ដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍សំខាន់ៗទាំងបីខាងលើ ។ ហេតុនេះ សង្ឃឹមថា ការរៀបចំដំណើរទៅហ្វឹកហាត់នៅចិន នឹងទទួលបានលទ្ធផលល្អប្រសើរ ហើយត្រឡប់មកមកវិញ ប្រកបទៅដោយកិត្តិយស និងទទួលបាននូវលទ្ធផលល្អក្នុងការហ្វឹកហាត់ទាំងអស់គ្នា ។ លោក វ៉ាត់ ចំរើន បន្ថែម ៕