(ឡុងដ៍)៖ អ្នកចាត់ការក្លិប Manchester City លោក Pep Guardiola នឹងអវត្តមានសម្រាប់ការដឹកនាំប្រកួតក្នុងលីគ Premier League នៃក្រុមរបស់លោក ប៉ះនឹងក្រុម Sheffield United និងក្រុម Fulham បន្ទាប់ពីទទួលការវះកាត់ខ្នង។ នេះបើតាមការប្រកាសពីក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

លោក Juanma Lillo ជំនួយការរបស់លោក Guardiola នឹងទទួលបន្ទុកដឹកនាំក្រុម សម្រាប់ការប្រកួតបន្តបន្ទាប់។

បើតាមក្លិប Man City បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ «អ្នកចាត់ការក្លិប Manchester City បានឈឺខ្នងខ្លាំង សម្រាប់រយៈពេលចុងក្រោយនេះ ហើយបានធ្វើដំណើរទៅកាន់ទីក្រុង Barcelona ដើម្បីធ្វើការវះកាត់បន្ទាន់»

«ការវះកាត់បានទទួលជោគជ័យ ហើយលោក Pep ឥឡូវនេះ កំពុងជាសះស្បើយ និងស្តារនីតិសម្បទា នៅទីក្រុង Barcelona។ លោកត្រូវបានគេរំពឹងថា នឹងវិលត្រឡប់មកវិញ បន្ទាប់ពីការឈប់សម្រាកអន្តរជាតិ ដែលនឹងមកដល់នាពេលខាងមុខ»

ក្លិបការពារដំណែងជើងឯក Man City កំពុងស្ថិតនៅលំដាប់ទី២ ក្នុងលីគ Premier League កំពុងមាន ៦ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួតបណ្តោះអាសន្ន ហើយពួកគេនឹងធ្វើដំណើរទៅជួបក្រុមទើបឡើងមកថ្មី Sheffield United នៅថ្ងៃសៅរ៍ នៃសប្តាហ៍ទី៣ មុនពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុម Fulham នៅថ្ងៃទី២ ខែកញ្ញាខាងមុខ៕