(បរទេស)៖ ថ្មីៗនេះនាយកប្រតិបត្តិបណ្តាញផ្សព្វផ្សាយសង្គម Instagram លោក Adam Mosseri បានឱ្យដឹងថា ក្រុមហ៊ុន Meta Platform គ្រោងបើកដំណើរការកម្មវិធី Threads ដែលជាបណ្តាញផ្សព្វផ្សាយសង្គមជំនាន់ចុងក្រោយរបស់ខ្លួននៅលើ Website ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

នាយកប្រតិបត្តិក្រុមហ៊ុន Meta Platform លោក Mark Zuckerberg ដែលជាមេធំរបស់ Facebook, WhatsApp, Instagram និង Threads ធ្លាប់បានជូនដំណឹងនៅដើមខែនេះថា ក្រុមហ៊ុននឹងបញ្ចេញមុខងារថ្មីចំនួន ២ដល់កម្មវិធី Threads ដែលក្នុងនោះរួមមាន Search និង Website។ មានន័យថាសម្រាប់អ្នកប្រើប្រាស់ Threads នឹងអាចចូលប្រើតាមរយៈគេហទំព័រ ឬ Web Access បានហើយ ដោយចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការមកបណ្តាញផ្សព្វផ្សាយសង្គមនេះមានតែនៅលើ App តែមួយគត់។

តាមរយៈការដាក់ឱ្យប្រើប្រាស់នៅលើគេហទំព័រនេះ បណ្តាញផ្សព្វផ្សាយសង្គម Threads ត្រូវបានគេរំពឹងថា នឹងអាចទាក់ទាញអ្នកប្រើប្រាស់ជាច្រើនត្រឡប់មកវិញ ជាពិសេសគណនីក្រុមហ៊ុន ឬស្ថាប័ន អ្នកផ្សាយពាណិជ្ជកម្ម និងអ្នកសារព័ត៌មានជាដើម។

គួរជម្រាបដែរថា Threads ត្រូវបានដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS កាលពីថ្ងៃទី០៥ ខែកក្កដា កន្លងទៅ ដោយត្រឹមតែរយៈពេល ៥ថ្ងៃកម្មវិធីនេះទទួលបានអ្នកប្រើប្រាស់រហូតដល់ជាង ១០០លាននាក់ឯណោះ។ ប៉ុន្តែក្រោយបើកដំណើរការបានជាងកន្លះខែកម្មវិធីនេះត្រូវបានគេឃើញថា ចាប់ផ្តើមធ្លាក់ប្រជាប្រិយភាពវិញ ដោយអ្នកប្រើប្រាស់ភាគច្រើនត្រឡប់ទៅកម្មវិធី X ដែលពីមុនគេស្គាល់ថា Twitter ជំនួសវិញ៕