(ភ្នំពេញ)៖ ទស្សនិកជនបានស្តាប់បទចម្រៀង «មីឆុង មីឆា» ពីកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា រួចហើយនាពេលកន្លងមក ដោយឡែកឆាប់ៗខាងមុខនេះ ទស្សនិកជននឹងបានឃើញស្នាដៃសម្តែងរបស់តារាចម្រៀងទាំងពីរដួង ក្នុងវីដេអូចម្រៀងដែលមានលក្ខណៈស្តង់ដាអន្តរជាតិ មិនធ្លាប់មានពីមុនមក បន្ទាប់ពីមានការឧបត្ថម្ភផ្ដាច់មុខពីក្រុមហ៊ុនមីជាតិ ។

កន្លងមកមានការដាក់សំនួរជាច្រើន ពីមហាជនថាតើវីដេអូចម្រៀង (MV) បទនេះ នឹងចេញជាផ្លូវការនៅពេលណាផងដែរ ។

តាមប្រភពច្បាស់ការ បានឱ្យដឹងថា MV បទនេះនឹងចេញជាផ្លូវការឆាប់ៗនេះហើយ បន្ទាប់ពីបានទទួលបានការឧបត្ថម្ភពី ក្រុមហ៊ុនមីជាតិ ផលិតMVបទនេះ ខ្នាតធំតែម្ដង ដោយបញ្ចេកទេសនៃការថត ប្រើប្រាស់កាមេរ៉ាស៊េរីទំនើប មានតម្លៃប្រហែល ២០ ម៉ឺនដុល្លារ ដែលគេដឹងថា ក្រុមហ៊ុន Galaxy Navatra បានទិញកាលពីប៉ុន្មាន ៥ឆ្នាំមុន ដើម្បីថតMV ទាំងមូល ។

តាមរយៈរូបភាពដែលទស្សនិកជនបានឃើញនេះ គឺជាសកម្មភាពខ្លះៗដែលកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និង កញ្ញា តន់ ចន្ទសីម៉ា កំពុងថតនៅក្នុង MV ចម្រៀង «មីឆុងមីឆា» មិនថាស្ទាយនៃការតុបតែងខ្លួន និងការស្លៀកពាក់របស់តារាចម្រៀងទាំងពីរដួង ពិតជាប្លែក គួរឱ្យចាប់អារម្មណ៍ ជាពិសេសបច្ចេកទេសនៃការថតអាចនិយាយបានថា ពិតជាអស្ចារ្យ ត្រូវតាមស្តង់ដាអន្តរជាតិយ៉ាងពិតប្រាកដ ។  

បើតាមសម្តីអ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra បានបញ្ជាក់ប្រាប់ថា MV ចម្រៀង «មីឆុង មីឆា» ដែលច្រៀងដោយកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង កញ្ញា តន់ ចន្ទសីម៉ា ត្រៀមនឹងចេញនៅមុនអំឡុងបុណ្យ ភ្ជុំបិណ្ឌខ្មែរ នាពេលឆាប់ៗខាងមុខ ។ ក្នុង MV ចម្រៀងនេះផងដែរគឺផលិតឡើងយ៉ាងសម្រិតសម្រាំងត្រូវនឹងស្តង់ដាអន្តរជាតិ ដោយសារតែមានការឧបត្ថម្ភធំពីក្រុមហ៊ុន មីជាតិ ។

បើចង់ដឹងច្បាស់ថា MV ចម្រៀង «មីឆុង មីឆា» របស់កំពូលតារាចម្រៀងល្បីឈ្មោះទាំងពីរដួង មានអ្វីប្លែកនោះ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នានាពេលឆាប់ៗខាងមុខ៕