(បរទេស)៖ ក្រុមហ៊ុនចិន Huawei ត្រូវបានគេរាយការណ៍មកថា បានគ្រងដំណែងនៅលេខរៀងកំពូលដែលបានដាក់លក់ស្មាតហ្វូនអេក្រង់បត់បានច្រើនជាងគេរហូតដល់ខ្ទង់ ៥០ភាគរយឯណោះក្នុងត្រីមាសទី២ ឆ្នាំ២០២៣នេះ បើទោះបីជាគ្មានការគាំទ្របណ្តាញ 5G ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ស្រាវជ្រាវពី CINNO Research បានឱ្យដឹងថា ក្រុមហ៊ុន Huawei បានដណ្តើមតំណែងកំពូលនៅក្នុងទីផ្សារស្មាតហ្វូនអេក្រង់បត់របស់ប្រទេសចិន ជាមួយនឹងចំណែកទីផ្សារចំនួន ៥០ភាគរយ ដែលបានកើនឡើងប្រមាណ ២០ភាគរយបើធៀបនឹងពេលវេលាដូចគ្នាទៅនឹងឆ្នាំ២០២២។ ប្រភពដដែលបានអះអាងថា ភាពជោគជ័យដ៏ធំរបស់ Huawei ក្នុងត្រីមាសទី២ ឆ្នាំនេះ គឺបានមកពីត្រកូលស្មាតហ្វូនអេក្រង់បត់ Mate X3 ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការក្នុងខែមីនា ឆ្នាំ២០២៣ និងជាការចូលរួមចំណែកពីផ្នែកយុទ្ធសាស្រ្តទីផ្សារផងដែរ។

Mate X3 គឺជាស្មាតហ្វូនដែលអាចបត់បានលំដាប់ខ្ពស់ដែលត្រូវបានបំពាក់ដោយអេក្រង់ប្រភេទ OLED ទំហំ ៨.០១អ៊ីញ ជាមួយនឹងប្រព័ន្ធដំណើរការ Qualcomm Snapdragon 8 Gen 1 ជំនាន់ចុងក្រោយ និងមានបំពាក់កាមេរ៉ា ៣គ្រាប់នៅខាងក្រោយ។ ជុំវិញចំនួននៃការលក់សា្មតហ្វូនអេក្រង់បត់របស់ Huawei ក្នុងត្រីមាសកន្លងទៅនេះ បានច្រើនក៏ពិតមែន ប៉ុន្តែស្មាតហ្វូនទាំងនេះមិនមានការតភ្ជាប់បណ្តាញ 5G នោះទេ ក៏ដោយសារតែការដាក់ទណ្ឌកម្មលើក្រុមហ៊ុន Huawei។

គួរជម្រាបដែរថា ការដាក់លក់សា្មតហ្វូនអេក្រង់បត់សរុបក្នុងទីផ្សារប្រទេសចិនបានកើនឡើងដល់ ៧២ភាគរយឯណោះ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងត្រីមាសទី ២ ឆ្នាំ២០២៣។ ក្នុងនោះ Huawei ឈរនៅលេខរៀងកំពូលជាមួយចំណែកទីផ្សារ ៥០ភាគរយ ក្រុមហ៊ុន Oppo ឈរនៅចំណាត់ថ្នាក់ទី២ ជាមួយចំណែកទីផ្សារ ២០ភាគរយ និង Samsung ឈរនៅលេខរៀងទៅ៣ ជាមួយនឹងចំណែកទីផ្សារ ១៥ភាគរយ។ ក្នុងឆ្នាំ២០២៣ នេះទីផ្សារប្រទេសចិនត្រូវបានគេរំពឹងថានឹងដាក់លក់ស្មាតហ្វូនអេក្រង់បត់កើនឡើងដល់ ១០លានគ្រឿងនៅឆ្នាំ ហើយវាត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៥០លានគ្រឿងនៅឆ្នាំ ២០២៥ខាងមុខ៕