(ប៉ារីស)៖ អតីតខ្សែប្រយុទ្ធជម្រើសជាតិមាន់គកបារាំង Thierry Henry ត្រូវបានតែងតាំងឲ្យដឹកនាំក្រុមឈុតយុវជនអាយុក្រោម ២១ឆ្នាំ ជាមួយនឹងកិច្ចសន្យារយៈពេល ២ឆ្នាំផងដែរ។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងនៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣ នេះថា សហព័ន្ធបាល់ទាត់បារាំង (FFF) បានសម្រេចជ្រើសរើសលោក Henry អតីតកីឡាករនិម្មិតរូបកាំភ្លើងធំ Arsenal រូបនេះជាគ្រូបង្គោលថ្មីរបស់ U-21 ដើម្បីជំនួសកន្លែងគ្រូបង្វឹកចាស់លោក Sylvain Ripoli។

កន្លងមក បុរសវ័យ ៤៦ឆ្នាំខាងលើនេះ ធ្លាប់ធ្វើជាគ្រូជំនួយចំនួន ២លើកផងដែរនៃក្រុមបាល់ទាត់ជម្រើសជាតិបិសាចក្រហមប៊ែលហ្សិក និងគ្រូធំនៃក្លិបក្នុងស្រុក Monaco រួមទាំងក្លិប Montreal Impact របស់កាណាដាទៀតផង។ Henry នឹងត្រូវដឹកនាំ U-21 បារាំងមួយនេះប្រកួតជម្រុះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប European Championship ក្នុងឆ្នាំ២០២៥ បន្ថែមលើតួនាទីដឹកនាំឈុត U-23 ដណ្តើមមេដាយនៅព្រឹត្តិការណ៍កីឡាអូឡាំពិក Paris Olympics 2024 ដែលជាគោលដៅចម្បងរបស់ម្ចាស់ផ្ទះបារាំងផងដែរ។

នៅចាំបានថា Thierry Henry ធ្លាប់ស៊ុតបាន ៥១គ្រាប់ ពីការចូលលេងបាន ១២៣ប្រកួតសម្រាប់បារាំង និងជួយមាន់គកមួយនេះឈ្នះជើងឯក Euro ក្នុងឆ្នាំ២០០០ ថែមទៀតផង៕