(ឡុងដ៍)៖ អតីតអ្នកចាំទីក្រុមជម្រើសជាតិអង់គ្លេស Ben Foster បានប្រកាសចូលនិវត្តន៍ជាថ្មីម្តងទៀត ដោយកីឡាករវ័យ ៤០ឆ្នាំរូបនេះ បានប្រកាសនៅថ្ងៃចន្ទ ត្រឹមតែរយៈពេល ២ខែប៉ុណ្ណោះ បន្ទាប់ពីបានបន្តកិច្ចសន្យារយៈពេល ១ឆ្នាំ ជាមួយក្លិប Wrexham ដែលលេងនៅលីគលំដាប់ទី៤អង់គ្លេស League Two។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

Foster​ ជាកីឡាករសំខាន់មួយរូប នៅក្នុងការជួយក្រុម Wrexham វិលត្រឡប់ទៅវិញ លេងនៅលីគ English Football League ដោយបានបង្ហាញខ្លួន ១២លើក អំឡុងពេលវេលារបស់លោក នៅឯក្លិប ដែលមានតារាសម្តែង Hollywood, Ryan Reynolds និង Rob McElhenney ជាម្ចាស់ក្លិប។

​បើតាម Foster បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ «និយាយដោយស្មោះត្រង់ទៅ ទម្រង់លេងរបស់ខ្ញុំ ក្នុងរដូវកាលនេះ មិនសម្រេចដល់កម្រិត ដែលខ្ញុំចង់បាននោះទេ ហើយខ្ញុំមានអារម្មណ៍ថា ឥឡូវនេះ គឺជាពេលវេលាត្រឹមត្រូវ ក្នុងការចូលនិវត្តន៍»

សូមរំលឹកថា Foster បានវិលត្រឡប់ពីការចូលនិវត្តន៍របស់លោក ដោយបានចុះកិច្ចព្រមព្រៀងរយៈពេលខ្លី ជាមួយក្លិប Wrexham កាលពីខែមីនា៕