(បាសេឡូណា)៖ ខ្សែការពារសញ្ជាតិអាមេរិក Sergino Dest របស់ក្លិប Barcelona បានចូលរួមជាមួយក្លិប PSV Eindhoven លើកិច្ចព្រមព្រៀងខ្ចីជើង រហូតដល់ចប់ខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមក្លិបលេងនៅលីគ LaLiga បានប្រកាស ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

ក្លិបហូឡង់នេះ មានជម្រើសក្នុងការធ្វើការផ្ទេរជាអចិន្ត្រៃយ៍ ហើយក្លិប Barca អាចមានភាគរយច្រើន ក្នុងការលក់កីឡាកររូបនេះ នៅពេលអនាគត។

កីឡាករវ័យ ២២ឆ្នាំរូបនេះ បានចូលរួមជាមួយ Barcelona ក្នុងឆ្នាំ២០២០ ក្នុងតម្លៃប្រមាណ ២១លានអឺរ៉ូ (២២.៨៧លានដុល្លារ) ផ្ទេរមកពីក្លិប Ajax Amsterdam។

លោកបានបង្ហាញខ្លួន ៥១ប្រកួតក្នុងលីគ សម្រាប់ក្លិប Barca ក្នុងរយៈពេល ២រដូវកាលដំបូងរបស់លោក ប៉ុន្តែបានចំណាយពេលក្នុងរដូវកាលមុន លេងខ្ចីជើងនៅក្លិប AC Milan។

កីឡាករសញ្ជាតិអាមេរិក ដើមកំណើតហូឡង់រូបនេះ មានពេលវេលាខកចិត្ត នៅឯក្លិបអ៊ីតាលី ដោយបានបង្ហាញខ្លួនត្រឹមតែ ៨ប្រកួតប៉ុណ្ណោះ ក្នុងលីគ Serie A មុនពេលវិលត្រឡប់ទៅលេងនៅអេស្ប៉ាញវិញ។

សូមជម្រាបថា Dest ដែលបានលេងនៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតានោះ បានរកគ្រាប់បាល់២គ្រាប់ ក្នុង ២៦ប្រកួតសម្រាប់ក្រុមជម្រើសជាតិអាមេរិក៕

https://www.channelnewsasia.com/sport/barcelonas-us-defender-dest-joins-psv-loan-3713486