(បាងកក)៖ ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានបញ្ចប់បេសកកម្ម នៃការប្រកួតជម្រើសជើងឯកយុវជនអាស៊ាន AFF U23 Championship 2023 ហើយ ដោយទទួលបានត្រឹមលេខ២ ក្នុងពូលA និងអស់ឱកាសឡើងវគ្គបន្ដផងដែរ បន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះ U23 ថៃ ដោយលទ្ធផល ២-០ ក្នុងជំនួបចុងក្រោយក្នុងពូល នៅរាត្រីថ្ងៃទី២១ ខែសីហានេះ ។

ជំនួបកាត់សេចក្ដី រវាងក្រុមគោព្រៃជំទង់កម្ពុជា និងក្រុម U23 ថៃនេះ វគ្គទី១ មិនមានគ្រាប់បាល់កើតឡើងនោះទេ ។ ប៉ុន្ដែក្រោយចូលវគ្គទី២ បានប្រមាណ ៥នាទី ដោយសារការមិនអស់ចិត្តគ្នា រវាងអ្នកចាំទី និងខ្សែការពារកម្ពុជា បណ្ដាលឲ្យមានគ្រាប់បាល់ចូលទីខ្លួនឯង(Own Goal) ពីសំណាក់អ្នកចាំទី រ៉េត លីហេង ដែលនាំឲ្យក្រុមម្ចាស់ផ្ទះថៃនាំមុខ ១គ្រាប់មុន នៅនាទី៥០ មុនកីឡាករ Nethithorn Kaewcharoen បន្ថែមគ្រាប់ទី២ នៅនាទី៨០ ហើយលទ្ធផលនេះ ក៏រក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង ។

ការបរាជ័យនេះ ធ្វើឲ្យក្រុមជម្រើសជាតិ U23 កម្ពុជា បញ្ចប់ភារកិច្ចរបស់ខ្លួន ដោយទទួលបានត្រឹមចំណាត់ថ្នាក់លេខ២ ក្នុងពូលA ដោយរកបាន ៤ពិន្ទុ ស្មើមីយ៉ាន់ម៉ា តែពុំទទួលបានឱកាសក្លាយជាក្រុមលេខ២ ល្អជាងគេ ឡើងទៅវគ្គ ៤ក្រុមចុងក្រោយ នៃពានរង្វាន់យុវជប្រចាំតំបន់អាស៊ាននេះឡើយ ។ រីឯក្រុម U23 ថៃ ក្រោយឈ្នះ ៣ប្រកួតជាប់គ្នា ក្នុងនាមក្រុមកំពូលតារាងពូលA ពួកគេបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមុន ដោយរង់ចាំបេក្ខភាព ៣ក្រុមទៀត មកពីពូលB និងពូលC ដែលត្រូវប្រកួតបញ្ចប់ពូលនាថ្ងៃស្អែក ៕