(ភ្នំពេញ)៖ ក្រុមហ៊ុន បុរីពិភពថ្មី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយអះអាងថាខ្លួននឹងប្រើប្រាស់សិទ្ធិ ដើម្បីតតាំងតាមផ្លូវច្បាប់ ចំពោះជនដែលយកឈ្មោះក្រុមហ៊ុនទៅផ្សាយព័ត៌មានមិនពិត ក្នុងចេតនាបំផ្លើស លាបពណ៌ និងសូមឲ្យតុលាការធ្វើការផ្តន្ទាទោសជនទាំងឡាយណាដែលបានប្រព្រឹត្តិទង្វើនេះ ទៅតាមផ្លូវច្បាប់។

បើតាមក្រុមហ៊ុនបុរីពិភពថ្មី, ចាប់ផ្តើមសាងសង់ផ្ទះលក់ជូនអតិថិជន ចាប់ពីឆ្នាំ ២០០៣ រហូតមកដល់បច្ចុប្បន្ននេះ អស់រយៈពេល ២០ឆ្នាំមកហើយ។ អតិថិជន ដែលបានទិញសម្រាប់រស់នៅ ក៏បានចំណេញពីការឡើងថ្លៃនៃផ្ទះដែលកំពុងរស់នៅ រីឯអតិថិជនវិនិយោគដែលបានទិញ-លក់ៗ ក៏បានចំណេញ រាប់ម៉ឺនដុល្លារមកហើយដែរ។

មកដល់បច្ចុប្បន្ននេះ ដោយសារមានវិបត្តិសេដ្ឋកិច្ចសកល ប្រទេសយើងក៏មិនអាចចៀសផុតបានដែរ ជាពិសេសខាងវិស័យអចលនទ្រព្យ ដូចអតិថិជនបានយល់ដឹងហើយថា ទូកធំក្តោងធំ អតិថិជនជួបវិបត្តិ ក្រុមហ៊ុនរឹតតែជួបវិបត្តិកាន់តែធំជាងអតិថិជនទៅទៀត។ ប៉ុន្តែក្រុមហ៊ុននៅតែសម្រួលជូន អតិថិជនតាមលទ្ធភាពដែលអាចធ្វើទៅបាន ៖
* ១៖ ក្រុមហ៊ុននៅតែអនុវត្ត១០០%ទៅតាមកិច្ចសន្យាលក់-ទិញ ដែលមានចែងជាលាយលក្ខណ៍អក្សរ
* ២៖ បន្តផ្តល់ការរៀបចំឥណទានសារឡើងវិញ ។
* ៣៖ ពន្យារយៈពេលបង់រំលស់ពី ១៧ឆ្នាំ រហូតដល់ ៣០ ឆ្នាំ។

បន្ថែមពីនេះ កន្លងមកក្រុមហ៊ុនបានយកទ្រព្យសម្បត្តិទៅតម្កល់នៅធនាគារ ដើម្បីខ្ចីប្រាក់មកវិនិយោគទិញដី និងសង់ផ្ទះលក់ ជូនអតិថិជន ហើយក្រុមហ៊ុនក៏ត្រូវបង់ការប្រាក់ជូនធនាគារផងដែរ។

ចំណែកអតិថិជន មកទិញផ្ទះពី ក្រុមហ៊ុនមានភាពងាយស្រួលបំផុត ក្នុងនោះរួមមាន៖
១៖ គ្មានប្រាក់កក់
២៖ គ្មានការបញ្ជាក់ ចំណូល ចំណាយ
៣៖ គ្រាន់តែបង់រំលស់ប្រចាំខែ អាចចូលរស់នៅបាន និងមានសិទ្ធិអាស្រ័យផល ក្នុងនាមជាម្ចាស់ផ្ទះ។

ក្រុមហ៊ុន បុរីពិភពថ្មី បានគោរពរាល់កិច្ចសន្យា ជាមួយអតិថិជនទាំងអស់ ដោយគ្មានការកែប្រែឡើយ។ ដូចនេះ បើនីតិបុគ្គល រូបវន្តបុគ្គល ឬអតិថិជនណា ដែលបានយកឈ្មោះក្រុមហ៊ុន ទៅផ្សាយព័ត៌មានមិនពិត ក្នុងចេតនាបំផ្លើស លាបពណ៌ ក្នុងបំណងបង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុនដោយប្រើប្រាស់ កែប្រែខុសពីការពិតនៃអង្គហេតុនីមួយៗ រវាងក្រុមហ៊ុន និងអតិថិជននោះ ក្រុមហ៊ុននឹងប្រើប្រាស់ សិទ្ធិដើម្បី តតាំងតាមផ្លូវច្បាប់ក្នុងបំណងការពារកិត្តិយសក្រុមហ៊ុន និងសូមឲ្យតុលាការធ្វើការផ្តន្ទាទោសជន ទាំងឡាយណាដែលបានប្រព្រឹត្តិដូចបានរៀបរាប់ខាងលើ តាមផ្លូវច្បាប់ ធន់ល្មមនឹងកេរ្តិ៍ឈ្មោះក្រុមហ៊ុន ដែលជននោះបានប្រមាថមាក់ងាយ យ៉ាងធ្ងន់ធ្ងរបំផុត៕