(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានចេញផ្សាយការធ្វើបច្ចុប្បន្នភាពកម្មវិធី iOS 4.24.0 ជំនាន់ចុងក្រោយរបស់ខ្លួននៅលើ App Store ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបញ្ជានូវមុខងារ បិទ ឬបើកទា្វររថយន្ត និងមុខងារមួយចំនួនទៀតតាមរយៈឧបករណ៍របស់ Apple។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AppleInsider នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ចេញផ្សាយចុងក្រោយនេះបានឱ្យដឹងថា ការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ Tesla បានបន្ថែមមុខងារគាំទ្រសម្រាប់កម្មវិធី Shortcuts របស់ Apple ទាំងនៅលើស្មាតហ្វូន និងនាឡិកាឆ្លាតវៃ ដែលផ្តល់ឱ្យអ្នកប្រើប្រាស់អាចបញ្ជារថយន្តពីចម្ងាយដោយគា្រន់តែប្រើពាក្យភ្ជាប់ពីមុខថា «Hey Siri»។ ចំពោះមុខងារថ្មីដែល Tesla ទើបតែបញ្ចេញនេះរួមមាន មុខងារបើកទ្វារ ឬបិទទ្វាររថយន្ត និងបើក ឬបិទគូទរថយន្ត ក៏ដូចជាបើក ឬបិទក្បាលរថយន្ត រួមទាំងមុខងារក្នុងរថយន្តជាដើម។

នេះមានន័យថាសម្រាប់ម្ចាស់រថយន្តអគ្គិសនី Tesla ដែលបានធ្វើបច្ចុប្បន្នភាពទៅកំណែ iOS 4.24.0 អាចធ្វើការបញ្ជារថយន្តរបស់ខ្លួនពីចម្ងាយតាមរយៈស្មាតហ្វូន និងនាឡិកាឆ្លាតវៃបាន ដោយមិនចាំបាច់ប្រើដៃផ្ទាល់ ឬបញ្ជានៅលើ Tesla App ដូចពីមុននោះទេ។ ពោលគឺ អ្នកប្រើប្រាស់អាចធ្វើការបញ្ជាបានដោយប្រើពាក្យភា្ជប់ពីមុខងារ «Hey Siri» និងមុខងារភ្ជាប់នូវមុខងារមួយចំនួនខាងលើរបស់ Tesla។

បើយោងតាមការចេញផ្សាយពីប្រភពខាងលើ មិនបានគូសបញ្ជាក់ថា Tesla នឹងគាំទ្រភាសាប្រទេសណាខ្លះនោះទេ។ ដូច្នេះដើម្បីអាចប្រើប្រាស់មុខងារទាំងនេះបានអ្នកប្រើប្រាស់អាចប្រើពាក្យ «Hey Siri» និងមុខងាររបស់ Tesla ជាភាសាអង់គ្លេសដែលរួមមានទាំងប៉ន្មាននេះ Lock and Unlock the doors, Open and close the trunk and frunk, start and stop charging, Enable and disable Sentry Mode និង Enable and disable Dog Mode៕