(អាមេរិក)៖ បច្ចុប្បន្ននេះតារាចម្រៀងល្បី ត្រូវបានគេដឹងថា ត្រូវតែមានជំនាញមួយផ្សេងទៀត ក្រៅពីអាជីពរបស់ខ្លួន គឺមានការឆ្លើយតបរហ័ស ដើម្បីការពារខ្លួនពីសម្មភាពផ្សេងៗ ដូចជាការគប់របស់របរផ្សេងៗពីសំណាក់អ្នកទស្សនា មកលើរូបខ្លួនជាដើម។ ជាក់ស្តែងថ្មីៗនេះ តារារ៉េបជនជាតិកាណាដា Drake បានជួបរឿងដដែលៗម្តងទៀត ដោយត្រូវអ្នកទស្សនា គប់សៀវភៅដាក់រូបលោក ដើម្បីបង្ហាញការមិនពេញចិត្ត អំឡុងពេលតារារូបនេះឡើងចម្រៀង លើឆាកប្រគំតន្ត្រីមួយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straits Times នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

វីដេអូដែលថតបានដោយអ្នកគាំទ្រជាច្រើន បានបង្ហាញថា តារាចម្រៀងរ៉េបវ័យ ៣៦ឆ្នាំ Drake ត្រូវបានគេគប់សៀវភៅពណ៌ខៀវមួយក្បាលដាក់រូបលោក អំឡុងពេលឡើងច្រៀង នៅក្នុងកម្មវិធីដំណើរប្រគំតន្ត្រីទេសចរណ៍ «It's All A Blur» នៅ San Francisco កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតារារូបនេះ មានបទពិសោធន៍ត្រូវគេគប់របស់ដាក់ជាច្រើនលើក នៅលើកនេះលោកបានចាប់សៀវភៅនេះជាប់ និងបានប្រាប់ទៅកាន់អ្នកគប់វិញថា «អ្នកពិតជាសំណាងល្អណាស់ ដែលខ្ញុំចាប់វាជាប់...»

អ្នកទស្សនា ត្រូវបានរាយការណ៍មកថា ទំនងជាមិនសប្បាយចិត្តដែល Drake មិនបានផ្តល់កាបូបដល់ពួកគេ ខណៈកន្លងទៅតារាចម្រៀងរូបនេះ បានផ្តល់អំណោយកាបូប Hermes Birkin ពណ៌ផ្កាឈូកតម្លៃ ៣៥,០០០ ដុល្លារអាមេរិក ដល់អ្នកគាំទ្រជាស្រ្តីនៅជួរខាងមុខគេ (នៅខាងមុខឆាកតន្រ្តី)។ នៅក្នុងបទសម្ភាសន៍ឆ្នាំ២០១៧ តាមរយៈបទសម្ភាសន៍មួយ លោក Drake បាននិយាយថា លោកបានប្រមូលកាបូប Hermes Birkin អស់រយៈពេលជាច្រើនឆ្នាំ ខណៈដែលលោកមានបំណងផ្តល់កាបូបទាំងនោះ ឲ្យទៅស្ត្រីមួយចំនួន៕