(សៀមរាប)៖ ក្រុមហ៊ុន ជេធី អ៊ិនធើណេសិនណល (ខេមបូឌា) ឯ.ក (ហៅកាត់ថា "JTI") បានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប៉មចម្រោះទឹកស្អាត AquaTower និងម៉ាស៊ីនសម្អាត AquaSan នៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមអធិបតីភាពលោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប។

ប៉មចម្រោះទឹកស្អាត AquaTower នេះមានភ្ជាប់មកនូវកន្លែងលាងដៃ ហើយអាចផលិតទឹកបរិសុទ្ធបាន១,០០០លីត្រ ក្នុងមួយម៉ោង និងអាចទ្រទ្រង់ប្រជាជនបានរហូតដល់១,៨០០នាក់ នៅក្នុងសហគមន៍។

លើសពីនេះទៅទៀត កម្មវិធីអប់រំសុខភាព និងអនាម័យទឹក ក៏ត្រូវបានផ្តល់ជូនដល់ប្រជាជនឃុំត្បែងផងដែរ ដើម្បីបង្កើនចំណេះដឹងរបស់ប្រជាពលរដ្ឋអំពីអនាម័យ និងការអនុវត្តអនាម័យល្អ (ដូចជាការលាងដៃត្រឹមត្រូវ) និងរបៀបគ្រប់គ្រង និងថែទាំប្រព័ន្ធចម្រោះទឹកស្អាតឲ្យមានប្រសិទ្ធភាព។

លោក ឃឹម ហ្វីណង់ បានថ្លែងថា «ការទទួលបានទឹកស្អាតសម្រាប់បរិភោគប្រចាំថ្ងៃនៅតាមសហគមន៍ជនបទមានសារៈសំខាន់បំផុតសម្រាប់សុខភាពរបស់ពួកគាត់។ នៅក្នុងតំបន់មួយចំនួន សហគមន៍ទាំងនេះគ្មានជម្រើសអ្វីក្រៅពីចំណាយថវិកាដើម្បីទិញទឹកស្អាតយកមកបរិភោគជាប្រចាំនោះទេ ហើយរឹតតែបានដាក់សម្ពាធបន្ថែមទៀតទៅលើជីវភាពដែលមានការខ្វះខាតរួចស្រេចទៅហើយនោះ»។

ដើម្បីសម្រេចបានជាប៉មចម្រោះទឹកស្អាត AquaTower នេះ បុគ្គលិក JTI ចំនួន១០នាក់ បានស្ម័គ្រចិត្តចូលរួមដំឡើងវា ដោយមានការណែនាំដោយដៃគូអង្គការក្រៅរដ្ឋាភិបាលរបស់ JTI គឺ Planet Water Foundation (PWF) ដែលបានជួយមនុស្សជាង៣លាននាក់ក្នុង១៥ប្រទេស ចាប់តាំងពីឆ្នាំ២០០៩ តាមរយៈប៉មចម្រោះទឹកស្អាត AquaTower។

លោក Roy Manalili អគ្គនាយកក្រុមហ៊ុន JTI បាននិយាយថា «ការរួមចំណែកជួយសហគមន៍របស់យើងមានសារសំខាន់ ធ្វើឡើងដោយភាពស្ម័គ្រចិត្ត និងលើសពីប្រតិបត្តិការអាជីវកម្មរបស់យើង។ ហើយយើងមិនដែលរំពឹងអ្វីមកវិញទេ លើកលែងតែឱកាសក្នុងការធ្វើឱ្យសហគមន៍ដែលយើងប្រតិបត្តិការកាន់តែប្រសើរឡើង»។

លោក Manalili បានបន្ថែមថា «យើងមានមោទកភាពណាស់ ដោយសារតាមរយៈភាពជាដៃគូដ៏រឹងមាំរបស់យើងជាមួយរាជរដ្ឋាភិបាលនិងអង្គការ Planet Water Foundation ការវិនិយោគសហគមន៍របស់យើងកំពុងធ្វើឲ្យមានភាពវិជ្ជមានដល់សហគមន៍ជាច្រើនក្នុងប្រទេសកម្ពុជា»។

ក្រុមហ៊ុន JTI បានធ្វើការយ៉ាងសកម្មក្នុងការជួយសហគមន៍ដែលងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ដោយមានការចូលរួមពីបុគ្គលិករបស់ខ្លួន ក្រុមហ៊ុនបានជួយដល់ជនពិការ មនុស្សចាស់ ជនអនាថា និងបានផ្តល់ជំនួយទឹកជំនន់សម្រាប់សហគមន៍ដែលរងគ្រោះដោយទឹកជំនន់ និងជំនួយស្បៀងអាហារ ដល់គ្រួសារដែលងាយរងគ្រោះបំផុតពីការរីករាលដាលនៃ កូវីដ-19 ។ ក្រុមហ៊ុនក៏បានវិនិយោគបន្ថែមទៀត លើនិរន្តរភាពបរិស្ថាន ដោយអនុវត្តគម្រោងដាំដើមឈើ និងកែច្នៃឡើងវិញជាមួយដៃគូរបស់ខ្លួន។

ក្រុមហ៊ុន JTI នឹងដំឡើងប៉មចម្រោះទឹកស្អាត AquaTower ចំនួន៤នៅកម្ពុជា ក្នុងឆ្នាំ២០២៣៕