(អាមេរិក)៖ តារាសម្ដែង Sam Asghari ដែលជាស្វាមីរបស់តារាចម្រៀងប៉ុប Britney Spears បានដាក់ពាក្យបណ្ដឹងលែងលះ បន្ទាប់ពីរៀបការជាមួយគ្នាបាន១៤ខែ។ យោងតាមប្រភពបានឲ្យដឹងថា ទោះបីជាមានការសោកស្ដាយ ដោយសារការលែងលះគ្នាក្តី តែតារាចម្រៀង Britney Spears នឹងនៅតែរាប់អានអតីតស្វាមី និងមានរូបអនុស្សាវរីយ៍នឹងគ្នាលើបណ្តាញសង្គមដដែល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន International The News នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២៣។

ប្រភពបានឲ្យដឹងថា Sam បានបង្ហាញរូបថតអតីតភរិយា និងចំណុចលក្ខណៈពិសេសនៅក្នុងជីវប្រវត្តិ ប៉ុន្តែមិនច្រើនទេ។ Spears និង Asghari ទាំងពីរបានរក្សាភាពស្ងៀមស្ងាត់របស់ពួកគេ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អំពីការបែកបាក់របស់ពួកគេ។ ស្វាមីរបស់តារាចម្រៀង Britney Spears បានលើកឡើងពីបញ្ហា «រស់នៅមិនចុះសម្រុង» នៅក្នុងឯកសារបណ្ដឹងលែងលះ ដែលដាក់ទៅតុលាការជាន់ខ្ពស់ឡូសអេនជេឡេស កាលពីថ្ងៃទី១៦ ខែសីហា និងទាមទារឲ្យ Britney Spears បង់សំណងឲ្យខ្លួនផងដែរ។ ដោយឡែក អ្នកនាំពាក្យរបស់ Britney Spears មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយលើករណីនេះនោះទេ។

គួរជម្រាបថា នេះគឺជាអាពាហ៍ពិពាហ៍លើកទីបីហើយ សម្រាប់ Britney Spears និងលើកទីមួយសម្រាប់ Sam Asghari ។ បច្ចុប្បន្នអ្នកទាំងពីរមិនទាន់មានកូនជាមួយគ្នានោះទេ ប៉ុន្តែកន្លងមក Britney Spears ធ្លាប់មានកូនប្រុសពីរនាក់ជាមួយស្វាមីទី២ ឈ្មោះ Kevin Federline (ខេវិន ហ្វេដឺឡាញ)។ ពិធីមង្គលការនេះបានធ្វើឡើងរយៈពេលប៉ុន្មានខែ បន្ទាប់ពីចៅក្រមបានប្រកាសផ្ដល់ឯករាជ្យពេញលេញឲ្យ Britney Spears វិញបន្ទាប់ពីត្រូវឪពុកគ្រប់គ្រងជីវិត និងទ្រព្យសម្បត្តិរបស់នាងអស់រយៈពេល ១៣ឆ្នាំ អំឡុងពេលដែលនាងមានបញ្ហាផ្លូវចិត្ត៕