(បរទេស)៖ ថ្មីៗនេះរដ្ឋាភិបាលកាណាដាបានទាមទារឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta Platform ដែលជាមេធំរបស់ Facebook លុបចោលការហាមឃាត់លើភ្លេតហ្វមព័ត៌មានរបស់ខ្លួននៅក្នុងប្រទេសកាណាដា ដើម្បីអនុញ្ញាតឱ្យប្រជាជនអាចចែករំលែកព័ត៌មានអំពីភ្លើងឆេះព្រៃនៅទីក្រុង Yellowknife។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

Meta បានចាប់ផ្តើមបិទភ្លេតហ្វមព័ត៌មាននៅលើបណ្តាញផ្សព្វផ្សាយសង្គម Facebook និង Instagram របស់ខ្លួនសម្រាប់អ្នកប្រើប្រាស់ទាំងអស់ក្នុងប្រទេសកាណាដាក្នុងខែនេះ ដើម្បីឆ្លើយតបទៅនឹងច្បាប់ថ្មីដែលតម្រូវឱ្យក្រុមហ៊ុនអ៊ីនធឺណិតយក្សបង់ប្រាក់សម្រាប់អត្ថបទព័ត៌មាន។

ជុំវិញបញ្ហាភ្លើងឆេះព្រៃនៅក្នុងទីក្រុង Yellowknife ដែលមានទីតាំងស្ថិតនៅភាគខាងលិចនៃប្រទេសកាណាដាថ្មីៗនេះ បានជម្រុញឱ្យប្រជាជនជាច្រើននាំគ្នាភៀសខ្លួន និងបានត្អូញត្អែរទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការហាមឃាត់នេះបានរារាំងពួកគេពីការចែករំលែកទិន្នន័យសំខាន់ៗអំពីហេតុការណ៍ដែលកំពុងកើតឡើង។

តែយ៉ាងណាចាប់តាំងពីការអំពាវនាវរបស់រដ្ឋាភិបាលកាណាកាលពីថ្ងៃសុក្រសប្តាហ៍មុន រហូតមកទល់ពេលនេះដែលទាមទារឱ្យ Meta បើកភ្លេតហ្វមព័ត៌មានឡើងវិញ នៅមិនទាន់មានការឆ្លើយតបណាមួយពី Meta នៅឡើយនោះទេ។

គួរជម្រាបដែរថា ការឆ្លើយតបរបស់ Meta ទៅនឹងច្បាប់ថ្មីក្នុងប្រទេសកាណាដា កំពុងជះឥទ្ធិពលអវិជ្ជមានជាខ្លាំងសម្រាប់ប្រជាជន និងអ្នកកាន់អំណាចនៅទីនោះជាពិសេសគឺ កង្វះខាតព័ត៌មាន និងការតាមដានហេតុការណ៍ជាបន្តបន្ទាប់ដែលកំពុងកើតឡើង ក៏ដូចជាការស្វែងរកសេវាសង្គ្រោះបន្ទាន់ជាដើម៕