(បរទេស)៖ តារាម៉ូដែលល្បីឈ្មោះ Hailey Bieber ដែលគេស្គាល់ថា ជាប្រពន្ធរបស់តារាចម្រៀង Justin Bieber ត្រូវបានរាយការណ៍មកថា កំពុងដើរតួយ៉ាងសំខាន់នៅក្នុងបញ្ហាអាជីវកម្មរបស់ស្វាមី ខណៈដែលពួកគេមានបំណងចង់ក្លាយជា «គូស្នេហ៍ដ៏មានថាមពល» នៅក្នុងឧស្សាហកម្មនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន International The News នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

យោងតាម Page Six ប្រភពបានបង្ហាញថា ស្ថាបនិកក្រុមហ៊ុន Rhode តែងតែមានវត្តមាននៅក្នុងបន្ទប់ កំឡុងពេលប្រជុំពាក់ព័ន្ធអាជីវកម្មរបស់ Justin ដោយទទួលតួនាទីធំមួយ។ ប្រភពបានបន្តថា Hailey បានគ្រប់គ្រង និងជាប់ពាក់ព័ន្ធយ៉ាងខ្លាំងក្នុងការងារជំនួញស្វាមី។ នាងជាផ្នែកមួយនៃការប្រជុំ ហើយនាងបាននិយាយច្រើនជំនួសស្វាមី។ នាងជាសំឡេងដ៏សំខាន់។ ពួកគេក្លាយជាគូស្នេហ៍ដ៏មានឥទ្ធិពល។ នាងគឺជាផ្នែកធំនៃអ្វីគ្រប់យ៉ាងរបស់ Justin។

គួរជម្រាបថា ក្រៅពីអាជីពជាអ្នកសិល្បៈ តារាចម្រៀង Justin Bieber ក៏ត្រូវបានគេដឹងថា មានមុខជំនួញជាច្រើនក្នុងដៃផងដែរ ខណៈអាជីវកម្មរបស់ Justin Bieber មានបញ្ហា គេឃើញវត្តមានរបស់ភរិយាលោក គឺ Hailey Bieber តែងតែនៅក្បែរលោករហូត ដើម្បីសម្រេចកិច្ចព្រមព្រៀងផ្សេងៗ និងឈានដល់ដំណោះស្រាយជោគជ័យមួយ៕