(ភ្នំពេញ)៖ ទីលានប្រណាំងឡាន Multi Level Indoor Go-Kart ដំបូងបំផុតក្នុងតំបន់អាស៉ីអាគ្នេយ៍ ត្រូវបានបើកសម្ពោធជាផ្លូវការហើយ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី៣ នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣។

ទីលាន Multi Level Indoor Go-Kart មួយនេះ គឺជាទីលានប្រណាំងឡានដ៏ទំនើបជាមួយនឹងការប្រណាំងឡានប្រកបដោយផាសុកភាព មានទាំងម៉ាស៉ីនត្រជាក់ ការរចនាផ្លូវខ្វាត់ខ្វែង សម្ភារៈទំនើបៗ និងមានសុវត្ថិភាពខ្ពស់បំផុត។ ទីលានប្រណាំងឡាន Multi Level Indoor Go-Kart ដ៏អស្ចារ្យមួយនេះ បង្កើតឡើងដោយមជ្ឈមណ្ឌលកម្សាន្តហ្គេមទំនើប NEO GAME OASIS ដែលជាពិភពនៃភាពសប្បាយរីករាយសម្រាប់ក្រុមគ្រួសារ និងអតិថិជនគ្រប់វ័យ បានប្រមូលផ្ដុំទៅដោយបទពិសោធលេងហ្គេមថ្មីៗ ប្លែកៗ ដ៏សម្បូរបែបជាច្រើន ដែលមិនធ្លាប់មានពីមុនមក។

ពិធីសម្ពោធត្រូវបានធ្វើឡើងក្រោមអធិបតីភាពអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង, លោកស្រី លី សុខឆេង អគ្គនាយិកា នៃក្រុមហ៊ុន ជីប ម៉ុង រីថែល ព្រមទាំងភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ។

ក្នុងឱកាសនោះ លោកស្រី លី សុខឆេង បានថ្លែងថា ក្រុមហ៊ុន ជីប ម៉ុង រីថែលគឺជាក្រុមហ៊ុនដែលវិនិយោគដោយកូនខ្មែរ ១០០% ដែលឈានមុខគេក្នុងវិស័យលក់រាយក្នុងប្រទេសកម្ពុជាដែលបានដាក់ទុកវិនិយោគរហូតដល់ ៥០០លានដុល្លារអាមេរិក។ ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន និងស្របតាមពាក្យស្លោក «ខ្មែរអាចធ្វើបាន» និង «ធ្វើបានល្អជាងគេ» ក្រុមហ៊ុន ជីប ម៉ុង រីថែល បានដាក់ចេញនូវគោលការណ៍ធំៗចំនួន៣ គឺ ១) បទពិសោធន៍ដ៏ថ្មី និងសំបូរបែប ២) សេវាកម្ម និងគុណភាពលំដាប់អន្តរជាតិ ៣) ភាពច្នៃប្រឌិតទាន់សម័យ និងបច្ចេកវិទ្យាទំនើប។

លោកស្រី លី សុខឆេង បានបន្ថែមថា សម្រាប់យុវវ័យ ក្រុមហ៊ុនជីប ម៉ុង រីថែល បានពាំនាំយក Neo Game Oasis ដែលជាទីកន្លែងកម្សាន្តជាមួយនឹងម៉ាស៉ីនហ្គេមទំនើបៗជាច្រើនប្រភេទ ដែលជាបច្ចេកវិទ្យាចុងក្រោយនាំចូលពីសហភាពអឺរ៉ុប ដែលមានធានាត្រឹមត្រូវទៅតាមស្តង់ដារអន្តរជាតិ។ លោកស្រីបន្ថែមថា Neo Go Kart នឹងដើរតួរជាចលករក្នុងការជំរុញវិស័យកីឡាប្រណាំងឡាននៅកម្ពុជា ដោយទីនេះ គឺជាកន្លែងហាត់សមដ៏ល្អបំផុតដើម្បីក្លាយទៅជាកីឡាករប្រណាំងឡានអាជីព (Professional Racer)។

«ដោយយើងមានទីលានប្រណាំងធំទួលាយ និងមានលក្ខណៈសម្បត្តិគ្រប់គ្រង់សម្រាប់ជាទីលានប្រកួតលំដាប់តំបន់អាស៉ីអាគ្នេយ៍ ហេតុនេះយើងសង្ឃឹមថា នាថ្ងៃអនាគតប្រទេសកម្ពុជានឹងមានកីឡាករអាជីពផ្នែក Formula 1 តំណាងឲ្យប្រទេសកម្ពុជាក្នុងការប្រកួតលំដាប់ពិភពលោក និងអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតFormula 1 ដូចដែលយើងបានធ្វើជាម្ចាស់ផ្ទះម្តងហើយសម្រាប់ការប្រកួតSea Game 2023»។ នេះបើតាមលោកស្រី លី សុខឆេង។

លោកស្រី លី សុខឆេង ក៏បានអះអាងថា ក្រុមហ៊ុន ជីប ម៉ុង រីថែល ជាក្រុមហ៊ុនដែលមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការវិនិយោគនៅប្រទេសកម្ពុជា ហើយក្រុមហ៊ុនបានចួលរួមយ៉ាងសកម្មក្នុងការលើកស្ទុយសេដ្ឋកិច្ច និង លើកមុខមាត់ប្រទេស និង ប្រជាជនកម្ពុជា លើឆាកអន្តជាតិ រួមមានវិស័យលក់រាយ អប់រំ កីឡានិងទេសចរណ៍កម្សាន្ត។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីបម៉ុង 271 មេហ្គា ម៉ល គឺជាយីហោផ្សារទំនើប ដ៏ល្បីល្បាញ ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរផ្ទាល់ ដោយចំណាយថវិកាអស់ជាង ២៨០លានដុល្លារអាមេរិក។ ចំណុចពិសេសដាច់គេរបស់ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល គឺមានអគារធំទូលាយ រចនាឡើងយ៉ាងប្រណិតស៊ីវីល័យ ហើយសម្រាប់អាហារ កន្លែងកម្សាន្ត សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗ គឺសុទ្ធសឹងតែមានឱជារសឈ្ងុយឆ្ងាញ់ និងមានគុណភាពខ្ពស់។ ជាពិសេសផ្សាររទំនើប ជីបម៉ុង 271 មេហ្គា ម៉ល មានប្រមូលផ្ដុំនូវយីហោល្បីៗលំដាប់ពិភពលោក ហើយសម្រាប់យីហោលំដាប់អន្ដជាតិមួយចំនួន គឺមាននៅតែក្នុងផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល តែមួយគត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕