(រីយ៉ាដ)៖ អ្នកគាំទ្របាល់ទាត់ជាច្រើនម៉ឹននាក់ បានចេញមកទទួលស្វាគមន៍ខ្សែប្រយុទ្ធជួរមុខ Neymar ក្នុងថ្ងៃបង្ហាញខ្លួនជាផ្លូវការជាមួយក្លិប Al Hilal របស់អារ៉ាប៊ីសាអូឌីតនាពេលថ្មីៗនេះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងថា អ្នកគាំទ្រក្លិប Al Hilal រាប់ពាន់ រាប់ម៉ឺននាក់បាននាំគ្នាចេញមកទទួលស្វាគមន៍កីឡាករប្រេស៊ីលខាងលើនេះស្ទើរតែពេញកីឡដ្ឋាន King Fahd International ដែលផ្ទុកអ្នកទស្សនាសរុបបានចំនួន ៦៨,០០០នាក់ អមទៅដោយការដុតកាំជ្រួចថែមទៀតផង។

Neymar បានមកចូលរួមជាមួយក្លិបលេងនៅ Saudi Pro League ពីក្លិបបារាំង Paris Saint-Germain កាលពីថ្ងៃអង្គារសប្តាហ៍មុន ដែលមានតម្លៃខ្លួន ៧៧.៦លានផោន ដែលត្រូវបានគេជឿជាក់ថា នឹងចូលលេងលើកដំបូងជាមួយ Al Hilal នាថ្ងៃព្រហស្បតិ៍ពេលប៉ះក្រុម Al-Raed។

ប្រធានក្រុមសាំបាប្រេស៊ីលរូបនេះ បានដើរតាមគន្លងរបស់តារាល្បីនៅអឺរ៉ុបជាច្រើនរូបទៀតមានដូចជា Karim Benzema, N’Golo Kante, Jordan Henderson, Ruben Neves, Sadio Mane, Roberto Firmino និងជាច្រើននាក់ទៀត ក្រោយពេល Cristiano Ronaldo ដែលបានផ្លាស់មកលេងក្នុងក្លិបអាស៊ីនេះមុនគេ តាំងពីដើមឆ្នាំ២០២៣ មក៕