(រីយ៉ាដ)៖ កំពូលខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo បានសម្ពោធពានថ្មីមួយដូចគ្នា ក្រោយចាកចេញពីទឹកអឺរ៉ុប ទៅលេងឲ្យក្លិបនៅសហរដ្ឋអាមេរិក និងក្នុងប្រទេសអារ៉ាប៊ីសាអូឌីតរួចមក។

Messi បានជួយក្រុម Inter Miami FC របស់លោក David Beckham គ្រងជើងឯកពាន League Cup 2023 នៅពេលយកឈ្នះក្រុមលេងក្នុងក្របខណ្ឌ Major League Soccer ដូចគ្នា Nashville SC នៃវគ្គទាល់បាល់ប៉េណាល់ទី ១០-៩ កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន ក្រោយពេលកីឡាករពាក់លេខ១០ ទើបចុះកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះលេងឲ្យក្លិបស្ថិតនៅទីក្រុង Miami របស់សហរដ្ឋអាមេរិកមួយនេះ។

ស្ថិតក្នុងវ័យ ៣៦ឆ្នាំ Messi ស៊ុតបាន ១០គ្រាប់ ពីការចូលលេងបាន ៧ប្រកួតក្នុងក្លិបថ្មី បន្ទាប់ពីចប់កិច្ចសន្យារយៈពេល ២រដូវកាលជាមួយ Paris Saint-Germain របស់បារាំង។ League Cup ក៏ជាពានទី១ សម្រាប់ក្លិប Inter Miami FC ផងដែរ ក្រោយពេលក្លិបអាជីពនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០ មក និងជាពានលើកដំបូងសម្រាប់ Messi ដែរ ដ្បិតអតីតម្ចាស់ពាន Ballon d’Or ៧សម័យកាល ឈ្នះបាន ៤៣ពានសរុបពេលលេងនៅតំបន់អឺរ៉ុប។

ចំណែកឯ Cristiano Ronaldo វិញ ទើបតែជួយក្លិបលេងក្នុងលីគកំពូលអារ៉ាប៊ីសាអូឌីត Al-Nassr ឈ្នះជើងឯក Arab Club Champions Cup 2023 ដែលជាពានលីគប្រចាំក្លិបនៅតំបន់អារ៉ាប់ ពោលគឺមានវិសាលភាពធំជាង League Cup ដែល Messi ឈ្នះជាមួយ Miami។

យ៉ាងនេះក្តី វាក៏ជាពានទី១ សម្រាប់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ វ័យ ៣៨ឆ្នាំដែរ ក្រោយពេលចុះកិច្ចសន្យាលេងឲ្យ Al-Nassr នាអំឡុងខែមករា ឆ្នាំ២០២៣ ក្រោយពេលចាកចេញពីទឹកដី Old Trafford នៃក្លិបបិសាចក្រហម Manchester United។

ជាការកត់សម្គាល់ អតីតម្ចាស់ពានឯកត្តជនបាល់មាស Ballon dÓr គឺ Ronaldo រកបានគ្រាប់ជ័យជម្នះទាំង ២គ្រាប់តែម្តងឲ្យ Al-Nassr នៅពេលយកឈ្នះគូប្រជែង Al Hilal ២-១ សមាជិកលេងនៅលីគកំពូលអារ៉ាប៊ីសាអូឌីតដូចគ្នា៕