(បាងកក)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U23 ថៃ នាវេលាម៉ោង ៨យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ ដែលជាការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល A នៃពានរង្វាន់ជើងឯកយុវជនអាស៊ាន AFF U23 Championship 2023 នៅកីឡដ្ឋានរ៉ាយ៉ង ប្រទេសថៃ។

បន្ទាប់ពីឆ្លងកាត់ ២ប្រកួត ឈ្នះ ១ (ឈ្នះប្រ៊ុយណេ ៥-០) និងស្មើ១ (ស្មើមីយ៉ាន់ម៉ា ១-១) ការប្រកួតនារាត្រីនេះ គឺជាការប្រកួតដ៏សំខាន់របស់កម្ពុជា ដែលត្រូវការជ័យជម្នះដាច់ខាត ដើម្បីប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយ ដ្បិតក្រុមម្ចាស់ផ្ទះថៃ ត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បីទទួលបានកៅអីវគ្គបន្ដ។

សូមរំឮកថា ពានរង្វាន់ AFF U23 Championship 2023 គឺមាន ១០ក្រុមចូលរួម និងបែងចែកជា ៣ពូល ខណៈពូល A មាន ៤ក្រុម ហើយពូល B និងពូល C មាន ៣ក្រុមប៉ុណ្ណោះ។ ដូច្នេះក្រោយចប់ការប្រកួតសន្សំពិន្ទុ ក្រុមលេខ១ នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេ ១ក្រុម នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ប៉ុន្ដែការកំណត់ក្រុមលេខ២ ល្អជាងគេសម្រាប់ពូល A មិនត្រូវបានគិតលទ្ធផលពាក់ព័ន្ធនឹងការប្រកួតជាមួយក្រុមបាតតារាងឡើយ។

ដូច្នេះក្នុងនាមក្រុមគោព្រៃកម្ពុជា ដែលកំពុងឈរលេខ២ ក្នុងពូល A ទើបមាន ១ពិន្ទុប៉ុណ្ណោះ ក្នុងនាមក្រុមលេខ២ ល្អ ដែលចាញ់ប្រៀបក្រុមលេខ២ ក្នុងពូល B គឺក្រុម U23 ឥណ្ឌូនេស៊ី ដែលរកបាន ៣ពិន្ទុ។ ហេតុនេះការប្រកួតជាមួយ U23 ថៃយប់នេះ កម្ពុជាត្រូវការ ៣ពិន្ទុដាច់ខាត ដើម្បីមានឱកាសឡើងវគ្គ ខណៈបើចាញ់ ឬស្មើ នឹងប្រឈមការបាត់បង់ឱកាសតែម្ដង។

ប៉ុន្ដែករណីបើក្រុម U23 ប្រ៊ុយណេ អាចយកឈ្នះក្រុម U23 មីយ៉ាន់ម៉ា ក្នុងជំនួបបញ្ចប់ពូល A នាវេលាម៉ោង ៨យប់ដំណាលគ្នាយប់នេះ ក្រុមគោព្រៃជំទង់កម្ពុជា ក៏នៅមានសង្ឃឹមខ្លះ ក្នុងការប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយ នៃពានរង្វាន់យុវជនប្រចាំតំបន់អាស៊ាននេះផងដែរ៕