(បរទេស)៖ តារាចម្រៀងប៉ុបល្បីឈ្មោះរបស់អាមេរិក Madonna ទើបតែប្រារព្ធពិធីខួបកំណើររបស់ខ្លួនឈានចូលដល់វ័យ៦៥ឆ្នាំ ដោយមានការចូលរួមពីមិត្តជិតស្និទ្ធជាច្រើន ខណៈការធ្វើពិធីនេះ គឺបន្ទាប់ពីលោកស្រីបានធូរស្បើយពីជំងឺនាពេលថ្មីៗនេះ។ អ្វីដែលមហាជនចាប់អារម្មណ៍នោះ គឺទោះឈានចូលដល់វ័យ៦៥ឆ្នាំក្តី តែ Modonna មិនបានឈប់ពីការងារសិល្បៈឡើយ ពោលគឺកាន់តែសកម្មថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

មានឈ្មោះដើមថា Madonna Louise Veronica (ម៉ាដូណា ល្វីស វើរ៉ូនីកា) តារាចម្រៀងដែលមានប្រវត្តិជានិស្សិតនៅសាកលវិទ្យាល័យ Michigan រូបនេះបានធ្វើពីធីខួបកំណើតឈានចូលវ័យ៦៥ឆ្នាំរបស់ខ្លួន នៅថ្ងៃពុធសប្តាហ៍នេះ ពោលគឺមួយថ្ងៃ បន្ទាប់ពីបានប្រកាសកាលបរិច្ឆេទឡើងវិញ សម្រាប់ដំណើរប្រគំតន្រ្តីទេសចរណ៍ពិភពលោក និងបន្ទាប់ពីលោកស្រី បានប្រយុទ្ធនឹងការឆ្លងមេរោគបាក់តេរីធ្ងន់ធ្ងរ អស់រយៈពេលជាច្រើនសប្តាហ៍។

ដើមឡើយតារាចម្រៀងប៉ុប Madonna ត្រូវបានគេដឹងថា ចំណាយពេលខ្លះធ្វើការនៅទីក្រុងប៉ារីសក្នុងនាមជាតារាបង្ហាញម៉ូដ បន្ទាប់មកក៏បានត្រឡប់ទៅញូវយ៉កវិញ ហើយបានបង្កើតក្រុមតន្រ្តីខ្លះៗ មុនពេលចេញច្រៀងទោលនៅឆ្នាំ ១៩៨១។ ក្រោយមកនៅឆ្នាំ ១៩៨២ នាងបានចូលច្រៀង Sire Records (សាយអ៊ើ រីខដ) ហើយមិនយូរប៉ុន្មានក៏បានក្លាយជាទីចាប់អារម្មណ៍ទូទាំងពិភពលោកក្នុងវិស័យតន្ត្រី វិស័យម៉ូដ និងក្រោយមកទៀត គឺវិស័យភាពយន្ត។

គួរជម្រាបថា កាលពីឆ្នាំ ២០០៨ ទស្សនាវដ្តី Forbes បានដាក់ឈ្មោះ Modanna ថាជាអ្នកចម្រៀងស្រីដែលមានជាងគេបំផុតនៅលើពិភពលោក។ ទ្រព្យសម្បត្តិសរុបរបស់នាងនៅឆ្នាំ២០២៣នេះមានប្រមាណ ៨៥០លានដុល្លារ ភាគច្រើនបានមកពីមុខជំនួញក្រុមហ៊ុនសម្លៀកបំពាក់ H&M និងការប្រគំតន្ត្រីទេសចរណ៍ពិភពលោក ដែលនៅតែបន្តរៀបចំរហូតដល់បច្ចុប្បន្ន។សម្រាប់ជីវិតឯកជន Madonna ធ្លាប់រៀបការពីរលើក និងមានកូនប្រុសម្នាក់ កូនស្រីម្នាក់ និងកូនចិញ្ចឹមចំនួន ៤នាក់ ៕