(អាតែន)៖ ក្រុមបាល់ទាត់មេឃខៀវ Manchester City បានក្លាយជាជើងឯកពានរង្វាន់បើករដូវកាលប្រចាំទ្វីបអឺរ៉ុប UEFA Super Cup 2023 នៅពេលយកឈ្នះគូប្រជែងមកពីអេស្ប៉ាញ Sevilla ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៥-៤ នាយប់មិញនេះ នៅពេលប្រកួត ៩០នាទីពេញស្មើគ្នា ១-១។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Kakaiskakis ដែលស្ថិតក្នុងទីក្រុងអាតែន ប្រទេសក្រិកដោយមានអ្នកទស្សនាផ្ទាល់ប្រមាណតែជិត ៣ម៉ឺននាក់ផងនោះ Man City បានផ្តើមចេញពីការវាយបកតាមស្មើ ១-១ នៅនាទី៦៣ ដោយកីឡាករ Cole Palmer ក្រោយពេលខ្សែប្រយុទ្ធ Youssef En-Nesyri បានតែតបញ្ចូលទីឲ្យ Sevilla នាំមុខតាំងពីនាទី២៥ មក ដែលធ្វើឲ្យការទាត់បាល់ប៉េណាល់ទីកើតមានឡើង ដោយពុំមានថែម ១៥នាទី ២ដងឡើយ។

នេះក៏ជាគ្រាប់ទី២ របស់ Palmer ផងដែរសម្រាប់រដូវកាលនេះ ដ្បិតរូបគេក៏ស៊ុតបាន ១គ្រាប់ផងដែរនៅពេល City ចាញ់កាំភ្លើងធំ Arsenal ក្នុងពានបើករដូវកាលអង់គ្លេស FA Community Shield នាដើមខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

ជាលទ្ធផលក្នុងការទាត់បាល់ ១១ម៉ែត្រ Man City ដែលជាម្ចាស់ជើងឯក UEFA Champions League នារដូវកាលមុន ធ្វើបានសម្រេចទាំង ៥គ្រាប់ គ្រាដែលក្រុមមកពីលីគ La Liga គឺ Sevilla ដែលជាជើងឯកពានលំដាប់ទី២ អឺរ៉ុប UEFA Europa League ទាត់ចូលតែ ៤គ្រាប់ និងក្លាយជាជើងឯករងលើកទី៦ ក្រៅពីធ្លាប់ឈ្នះ ១លើកក្នុងឆ្នាំ២០០៦៕